
បើតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមអភិបាលខេត្តព្រៃវែង បានជ្រើសរើសយកសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ជាកន្លែងសម្រាប់ត្រៀមដាក់អ្នកជំងឺ COVID-19 ។
ការសម្រេចជ្រើសរើសយកសាលាមកធ្វើជាកន្លែងសម្រាប់ត្រៀមដាក់អ្នកជំងឺ COVID-19 នេះដែរគឺក្រោយពីមានការប្រកាសដាក់ចេញវិធានការដោយ សម្តេចតេជោ ហ៊ុន សែន ឱ្យមន្ទីរសុខាភិបាលតាមខេត្តទាំងអស់ ជ្រើសរើសអគាររបស់សាលារៀន ដើម្បីធ្វើជាកន្លែងត្រៀមបង្ការចាំទទួលអ្នកជំងឺ COVID-19 ដោយតម្រូវមានការបំពាក់សម្ភារបរិក្ខារពេទ្យ,បណ្តាញទឹក,ភ្លើង ឱ្យបានរួចរាល់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ខេត្តព្រៃវែងមិនទាន់មានអ្នកឆ្លងជំងឺ COVID-19 នោះទេ ប៉ុន្តែខេត្តមួយនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់នឹងជំនឺមួយនេះ។
អត្ថបទដោយ៖ Nevin
