ដោយ៖ស្រីពេជ្រ
ខេត្តបាត់ដំបង ជាខេត្តមួយដែលស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះ បាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ បើនិយាយពី ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រពៃណីដូចជា ការប្រារឰពិធីបុណ្យជាតិនិងបុណ្យប្រពៃណី-ល្បែងប្រជាប្រិយនិងសំលៀកបំពាក់ក្នុងពិធីបុណ្យផ្សេងៗទៅតាមរដូវកាលនៃពិធីបុណ្យ។
ដូច្នេះហើយ នៅក្នុងឆ្នាំ ២០២០នេះ ក្រសួងទេសចរណ៍បានសម្រេចជ្រើសរើស ខេត្តបាត់ដំបងជាខេត្តដែលមានសកត្តានុពលទេសចរណ៍មួយបែប ដើម្បីរៀបចំពិធីបុណ្យទន្លេ ជាលើកទី៦ បន្ទាប់ពីរៀបចំធ្វើនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ ២០១៩ កន្លងទៅ ។
ការប្រព្រឹត្តនៃកម្មវិធីបុណ្យទន្លេនេះ នឹងរៀបចំធ្វើរយៈពេល ៣ថ្ងៃគឺនៅថ្ងៃទី ១៣ , ១៤ និង ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ ខាងមុខនេះ ។
បើតាមមន្ត្រីក្រសួងទេសចរណ៍ លោក ផ្លុង ធឿន បានប្រាប់អ្នកសារព័ត៌មានថា ៖« នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍បានសម្រេចយកខេត្តបាត់ដំបង រៀបចំពិធីបុណ្យទន្លេ ដោយកំណត់យកថ្ងៃទី១៣ ,១៤ និង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ សម្រាប់ធ្វើពិធីបុណ្យទន្លេ ហើយពិធីបុណ្យទន្លេនេះ ក៏មិនខុសពីពិធីបុណ្យសមុទ្រនោះដែរ ពោលគឺមានការប្រគុំតន្រ្តី លេងល្បែកម្សាន្ត កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ និង កីឡាប្រណាំងទូក (ង)ជាដើម ក្រៅពីនោះក៏មានការដាក់តាំងបង្ហាញនូវផលិតផល និង ស្នាដៃនានាដែលខេត្តធ្វើបានផលិតផងដែរ»។
សូមបញ្ជាក់ដែរ ថា ពិធីបុណ្យទន្លេគឺធ្វើឡើងដើម្បីជាការដឹងគុណដល់ទឹកទន្លេ ក៏ដូចជាដើម្បីបំផុសចលនាមហាជន ឲ្យចូលរួមការងារអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមសំរេច យុទ្ធសាស្ត្រពិពិធកម្ម ទេសចរណ៍ តាមរយៈការបង្កើត ព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សំរាប់ខេត្ត តាមដងទន្លេ ក្នុងប្រទេសកម្ពុជា៕