We TV Cambodia

ខេត្តដែលមានវិនិយោគិនចិនទៅដល់ តម្លៃដីខ្ពស់ឆ្ងាយពីតំបន់ទូទៅ

ខេត្តដែលមានវិនិយោគិនចិនទៅដល់ តម្លៃដីខ្ពស់ឆ្ងាយពីតំបន់ទូទៅ
ដីធ្លីក្នុងខេត្តព្រះសីហនុ (ប្រភព៖ internet)

ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដីធ្លីនៅកម្ពុជាមានការកើនឡើងខ្លាំង ពិសេសគឺនៅតាមបណ្ដាខេត្តតែម្ដង ដោយសារតែវិនិយោគិនចិនបានសម្រុកទៅវិនិយោគលើគម្រោងធំៗជាច្រើននៅតាមបណ្ដាខេត្តដែលមានសក្ដានុពល។

តម្លៃដីនៅតាមបណ្ដាខេត្តត្រូវបានគេមើលឃើញថា មានការកើនឡើងខ្លាំងទ្វេដងបើធៀបជាមួយកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែកំណើននៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ខណៈដែលប្រជាពលរដ្ឋជាច្រើនបានសម្រុកលក់ដីធ្លីគ្មានសល់។

ខេត្តព្រះសីហនុបច្ចប្បន្ន (ប្រភព៖ FB: HEANG)

ទោះជាយ៉ាងណា តម្លៃដីនៅតាមបណ្ដាខេត្តមានការកើនឡើងខ្ពស់សម្រាប់តែខេត្ត ដែលមានវត្តមានវិនិយោគិនចិនទៅដល់តែប៉ុណ្ណោះ ដោយតម្លៃដីអាចឡើងរហូតដល់រាប់រយដុល្លារក្នុងមួយម៉ែត្រការ៉េ ព្រោះវិនិយោគិនចិនត្រូវសាងសង់គម្រោងធំៗជាច្រើន និងមានការប្រញាប់ប្រញាល់ក្នុងការសាងសង់ ដើម្បីឲ្យស្របទឹងគម្រោងដែលបានដាក់ចេញ។ ដូច្នេះ ពួកគេមិនខ្លាចក្នុងការទិញក្នុងតម្លៃថ្លៃនោះទេ ណាមួយភាគច្រើនសុទ្ធតែជាខេត្តដែលមានសក្តានុពលដូចជា ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, និងខេត្តបន្ទាយមានជ័យជាដើម។

ជនជាតិចិនត្រឡប់មកកម្ពុជាវិញ (ប្រភព៖ internet)

ដោយឡែក សម្រាប់តម្លៃដីនៅតាមតំបន់ និងខេត្តផ្សេងវិញ គឺមិនមានការកើនឡើងតម្លៃប៉ុន្មាននោះទេ ពោលគឺនៅដដែល ដោយសារតែគ្មានវត្តមានរបស់វិនិយោគិនចិន ហើយចំណែកអ្នកវិនិយោគទូទៅក៏មានហ៊ានចំណាយលុយយ៉ាងច្រើនក្នុងការទិញនោះដែរ។

ដីធ្លីក្នុងខេត្តកោះកុង (ប្រភព៖ internet)

សូមជម្រាបថា តម្លៃដីធ្លីដែលប្រជាពលរដ្ឋបានលក់ក្នុងខេត្តព្រះសីហនុនាពេលកន្លងមក បានឡើងដល់ខ្ទង់ពាន់ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ ហើយតំបន់ខ្លះអាចលើសនេះក៏មាន ដែលវាស្ទើរតែខ្ពស់ជាងតម្លៃដីក្នុងរាជធានីភ្នំពេញទៅទៀត។

អត្ថបទដោយ៖ Nevin

Related Articles