We TV Cambodia

ខេត្តកំពង់ចាមគ្រោងចំណាយថវិកាជិត៤ពាន់លានរៀល លើគម្រោង៣៧០នាពេលឆ្នាំ២០២០ខាងមុខ

ដោយ៖ ឧត្តម

ខេត្តកំពង់ចាម៖ នៅក្នុងឆ្នាំ២០២០ខាងមុខនេះខេត្តកំពង់ចាមត្រៀមថវិកាចំណាយប្រមាណ៤ពាន់លានរៀលដើម្បីអភិវឌ្ឍន៍ទៅលើគម្រោងចំនួន៣៧០គម្រោងបន្ទាប់ពីបានពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំ។

គម្រោងចំនួន៣៧០សម្រាប់ធ្វើការអភិវឌ្ឍនៅក្នុងខេត្តកំពង់ចាមនេះត្រូវបានពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគរយះពេលបីឆ្នាំចាប់ពីដើមឆ្នាំ២០២០ដល់ចុងឆ្នាំ២០២២។

លោកអ៊ុន ចាន់ដា បានបង្ហាញថាលទ្ធផលនៃសមាហរណកម្ម កម្មវិធីវិនិយោគ ទទួលបានការគាំទ្រសរុបចំនួន២៦៥៧គម្រោងស្មើនឹង៥៥% នៃគម្រោងស្នើឡើងចំនួន ៤,៨២៥គម្រោង។


ក្នុងនោះមានមន្ទីរអង្គភាពគាំទ្របានចំនួន ២,៣២៧គម្រោង អង្គការសង្គមស៊ីវិលគាំទ្របានចំនួន ៣២៩គម្រោង និងសប្បុរសជនចំនួន០១គម្រោង។
ដោយឡែកគម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន ២៤គម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០,៣១២លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩,២៣០លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០។
លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា៖« ការអភិវឌ្ឍគម្រោងខាងលើនេះជាកត្តាមួយដែលរួមចំណែកធ្វើសេដ្ឋកិច្ចប្រទេសទទួលភាពរីកចម្រើនបន្ថែមទៀតជាវិសេសនោះគឺ ប្រជាពលរដ្ឋនិងមានជីវភាពល្អប្រសើរនិងកាត់បន្ថយការចំណាកស្រុកបានមួយកម្រិតបន្ថែមទៀត។»
បើយោងទៅតាមទិន្នន័យរបស់ក្រសួងពណិជ្ជកម្មខេត្តបានបង្ហាញថា នៅក្នុងរយះពេល៣ឆ្នាំខេត្តបានរក្សាកំណើនសេដ្ឋកិច្ចនៅរង្វង់៦% ក្នុងមួយឆ្នាំ គឺឆ្នាំ២០១៦ មានចំនួន៦,១% ឆ្នាំ២០១៧ មានចំនួន ៥.៩% និងឆ្នាំ២០១៨ មានចំនួន៦.៥%។ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ (GDP) បានកើនពីចំនួន ១,៣៣៤ដុល្លារ នៅឆ្នាំ២០១៦ កើនដល់ចំនួន ១,៤១៩ដុល្លារ នៅឆ្នាំ២០១៧ និង ១,៥២២ដុល្លារនៅឆ្នាំ២០១៨។ សូមរំលឹកថាគម្រោងដែលបានពិគ្រោះយោបល់នេះត្រូវចំណាយថវិកាក្នុងរង្វង់៣៨៩២៣០លានរៀល៕

Related Articles