We TV Cambodia

ខេត្តកែប នឹងក្លាយជាគោលដៅទេសចរណ៍ក្នុងតំបន់ និងក្នុងពិភពលោកនាពេលខាងមុខ

ខេត្តកែប នឹងក្លាយជាគោលដៅទេសចរណ៍ក្នុងតំបន់ និងក្នុងពិភពលោកនាពេលខាងមុខ

ដោយ៖ពេជ្រ

ខេត្តកែប ៖ កែបគឺជាខេត្តមួយ ដែលមានសក្តានុពលទេសចរណ៍ ដែលជាទិសដៅ និងចក្ខុវិស័យដ៏ចំបងសម្រាប់កម្ពុជា ខណៈដែលក្រសួងទេសចរណ៍កំពុងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បាននិងកំពុង ដំណើរការជាបណ្ដើរៗហើយ កាលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង ឯកឧត្ដម នី ផល្លី បានឲ្យដឹងថា ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មការ អន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តកែប និងខេត្តមណ្ឌលគិរី  និងបានចាប់អនុវត្តន៍តាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ហើយចាប់ ពីពេលនេះតទៅមុខ នឹងមានការចូលរួមផ្ដល់ធាតុចូល និងផ្ដល់ការគាំទ្រពីសំណាក់រដ្ឋបាល ខេត្ត មន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដើម្បីឱ្យការរៀបចំផែនការមេនេះមានភាពគ្រប់ជ្រុង ជ្រោយ និងការទទួលខុសត្រូវរួម។

ឯកឧត្តម បន្ថែមថា ការរៀបចំផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តកែបនេះ ត្រូវមានគោល បំណងគឺ៖ ១.អភិវឌ្ឍន៍ខេត្តកែបឱ្យក្លាយជា គោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត កម្រិតខ្ពស់ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។ ២.បង្កើនគុណភាពផលិតផលទេស ចរណ៍ដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ ថ្មីៗថែមទៀត ដើម្បីពន្យារការស្នាក់ នៅរបស់ភ្ញៀវទេសចរ នៅគ្រប់រដូវកាលឱ្យបានកាន់ តែយូរ។ ៣. ធ្វើពិពិធកម្មទីផ្សារ ទេសចរណ៍ ដោយផ្តោតលើផលិតផលទេសចរណ៍តាមគោល ដៅ  និង៤. ធានាដល់ចីរភាព នៃការអភិវឌ្ឍ និងធនធានធម្មជាតិ និងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសធានាដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។

សូមបញ្ជាក់ដែរថា សេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកែប នេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២០ ហើយអាចនឹងដាក់ ឆ្លងកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង នាខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ បន្ទាប់ពីមានការកែសម្រួល ឬមានការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកែបនេះ នឹងត្រូវយកមកអនុវត្តន៍ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ និងអាចមានការពិនិត្យ កែសម្រួលសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត៕

 

Related Articles