We TV Cambodia

ខេត្តកណ្ដាលខណៈពេលនេះ មានរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើង ចំនួន១៦៤រោងចក្រ

ខេត្តកណ្ដាលខណៈពេលនេះ មានរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើង ចំនួន១៦៤រោងចក្រ
រូបភាពឯកសារ

ដោយយោងតាមការលើកឡើងរបស់​អភិបាលខេត្ដកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ បានអះអាងថា ខេត្ដ កណ្ដាល ពេលនេះ​មានរោងចក្រសំលៀកបំពាក់ និងស្បែកជើង ចំនួន ១៦៤ រោងចក្រ ដែលអាចផលិតការងារបាន មិនក្រោម១៤ម៉ឺនកន្លែងនោះទេ ចំណែកប្រាក់បៀវត្សរ៍ក៏ទទួលបានខ្ពស់គួសមដែរ គឺ២៤៦ដុល្លារក្នុងមួយខែ។

ការបង្ហាញនេះត្រូវបានធ្វើឡើងនៅ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តមក៏បានបន្តថា​ ក្រៅពីវិស័យឧស្សាហកម្មទៅ ក៏នៅមាន វិស័យកសិកម្មមួយទៀតដែរមានតួនាទីយ៉ាងសំខាន់ បានចូលរួមចំណែក ក្នុងការលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្ដនេះឲ្យមានភាពល្អប្រសើរ ដោយទិន្នន័យ បានបង្ហាញថា​ មានចំនួន​ ៣៨,៧ភាគរយ ក្នុងនោះ ឆ្នាំ២០១៩ លើផ្ទៃដីធ្វើស្រូវរដូវវស្សា និងប្រាំងចំនួន៩០,២១៩ហិកតា ទទួលបានបរិមាណផលចំនួន៣៤៩,១០៥តោន។ បើគិត​ជាមធ្យមទទួលបានចំនួនទិន្នផល៣,២៦៣តោន ក្នុង១ហិកតា (កើនឡើង១,៦២ភាគរយ) ហើយ បរិមាណស្រូវលើសពីតម្រូវការចំនួន ២៦,៦០៥តោន។

ឯកឧត្តម​ គង់ សោភ័ណ្ឌ ក៏បានប្តេជ្ញាថា នឹងខិតខំបន្តអនុវត្តន៍នូវគោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលបានរួមចំណែកដ៏ធំធេង ក្នុងការរក្សាបាននូវសន្តិសុខស្ថិរភាពនយោបាយ និងសង្គម និងបង្កើនគុណភាព នៃការផ្តល់សេវាប្រកបដោយគណនេយ្យភាព តម្លាភាព មានការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះទៀត បង្កើតបាននូវបុរេលក្ខ​ខណ្ឌ​ចាំ​បាច់ និងបរិស្ថានអនុគ្រោះ សម្រាប់ការប្រែក្លាយខ្លួនឱ្យទៅជាប្រទេស មានចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles