We TV Cambodia

ខេត្ដសៀមរាបនឹងមានព្រឹតិការណ៍សប្បាយៗរាល់ចុងសប្ដាហ៍​ដើម្បីកែប្រែចរន្ដទេសចរណ៍ឡើងវិញ

ខេត្ដសៀមរាបនឹងមានព្រឹតិការណ៍សប្បាយៗរាល់ចុងសប្ដាហ៍​ដើម្បីកែប្រែចរន្ដទេសចរណ៍ឡើងវិញ

ហាក់ដូចជាស្ងប់ស្ងាត់ពេកហើយ ខេត្ដសៀមរាប ដែលកន្លងមកធ្លាប់មានឈ្មោះ បោះសម្លេងខ្លាំង​ជាតំបន់ សប្បាយរីករាយ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ ដើរកម្សាន្ដឥតស្រាកស្រាន មិនថាតំបន់រមណីយដ្ឋានបែបបុរាណ ឬបែបទំនើបនោះទេ ហេតុដូច្នេះហើយ ដើម្បីចូលរួមលើកស្ទួយវិស័យនេះ ឲ្យល្អឡើងវិញនោះ អាជ្ញាធរខេត្តសៀមរាបបាន និង កំពុងពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំផែនការបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តសប្បាយៗរៀងរាល់ថ្ងៃចុងសប្ដាហ៍ នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តរបស់ខ្លួន។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងក្នុង សន្និសីទសារព័ត៌មាន ស្ដីពីស្ថានភាពវិស័យទេសចរណ៍នាកំលុងពេលវិបត្តិជំងឺកូវីដ១៩ កាល​ពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រោមគំនិតផ្ដួចផ្ដើមរបស់​ ឯកឧតុ្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និងក្រោមការគាំទ្រពីក្រសួងទេស​ចរណ៍, រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បាននិងកំពុងស្វែងរកកិច្ចពិភាក្សាជាមួយមន្ទីរ អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នារៀបចំផែន ការបង្កើត​ឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ ឬអាចថានៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ។ គំនិតផ្ដួចផ្ដើមមួយនេះ អាជ្ញាធរមិនត្រឹមតែរៀបចំនៅក្នុង​ក្រុងសៀមរាប និងតំបន់អង្គរប៉ុណ្ណោះទេ ថែមទាំងនឹងរៀបចំខ្សែកញ្ចប់ទស្សនកិច្ចទេសចរណ៍នៅតាមតំបន់ទេសចរណ៍ខាងក្រៅតំបន់អង្គរថែមទៀតផង​ដែរ ដូច​ជាភ្នំគូលែន បន្ទាយស្រី ចង្ក្រានរយ ព្រៃកោងកាង ភ្នំក្រោម តំបន់រលួសជាដើម ពោលគឺនៅក្នុងសុទ្ធតែស្ថិតនៅក្នុងតំបន់គោលដៅទេសចរណ៍ធំៗទាំង បួនក្នុងខេត្​ត រួមមានតំបន់អង្គរ តំបន់ទីក្រុងសៀមរាប តំបន់បឹងទន្លេសាប និងគោលដៅជុំវិញតំបន់អង្គរ។

តាមរយៈផែនការរៀបចំនេះ មានដូចជា ការជិះកង់ផ្សងព្រេង ជិះកង់ឡើងភ្នំ បោះតង់ ជិះទូក ដើរមើលព្រៃកោងកាង ឬអាចចូលរួមក្នុងកម្មវិធីចម្អិនម្ហូបអាហារ និងកម្មវិធីសប្បាយៗជាច្រើនទៀត។ ក្នុងឱកាសនោះ លោកបានបង្ហាញការរំពឹងទុកថា ផែនការរៀបចំកម្មវិធីទេសចរណ៍នេះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន តាមរយៈការទទួលបានកម្រៃពីវិស័យទេសចរណ៍ឡើងវិញ។

ដោយ៖ Stince

Related Articles