We TV Cambodia

ខេត្ដសៀមរាបក្នុងឆ្នាំ ២០៣៥ នឹងអាចរកចំណូលបាន ៤,៧៦៥លានដុល្លារពីភ្ញៀវទេសចរអន្ដរជាតិ

ខេត្ដសៀមរាបក្នុងឆ្នាំ ២០៣៥ នឹងអាចរកចំណូលបាន ៤,៧៦៥លានដុល្លារពីភ្ញៀវទេសចរអន្ដរជាតិ

កាលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍  បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង​ ជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប, លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មការកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ។

យោងតាមសេចក្ដីសម្រេចក្នុងកិច្ចប្រជុំនេះ ធ្វើការព្យាករណ៍ក្នុងឆ្នាំ ២០៣៥ ដែលទេសចរណ៍អន្តរជាតិនាំមកនូវចំណូលចំនួន ៤,៧៦៥លានដុល្លារ និងទេសចរណ៍ជាតិ នាំមកនូវចំណូលចំនួន ១,២៨០លានដុល្លារ។ ជារួម, ចក្ខុវិស័យរបស់ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) គឺ «ការក្តាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងបំផុត របស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បង ក្នុងតំបន់អាស៊ីអាគ្នេយ៍» ។

ដើម្បីសម្រេចបានចក្ខុវិស័យខាងលើនេះ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» បានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន ០៧ រួមមាន៖

១ យុទ្ធសាស្រ្ដអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាប,

២ យុទ្ធសាស្រ្ដវិនិយោគទេសចរណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗក្នុងខេត្តសៀមរាប,

៣ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់,

៤ យុទ្ធសាស្រ្ដពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប,

៥ យុទ្ធសាស្រ្ដក្នុងការគ្រប់គ្រងបរិស្ថានខេត្តសៀមរាប,

៦ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ខេត្តសៀមរាប, និង

៧ យុទ្ធសាស្រ្ដអភិបាលកិច្ចសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប (ក្នុងនោះមានយុទ្ធសាស្រ្តចំនួន ៤៦ សកម្មភាពអនុវត្តចំនួន ១៥១ ដែលបានកំណត់រយៈពេលនៃការអនុវត្ត: រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង) ។

ជាមួយការបង្កើតយន្តការស្ថាប័ន អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Destination Management Organisations – DMO’s) រួមសម្រាប់ខេត្តសៀមរាបហៅថា «គណៈកម្មការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ», នឹងមានអង្គភាព គ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMO’s) អមគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរនេះ តាមតំបន់ទាំង ៦ ដូចជា៖

១៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់ឧទ្យានជាតិភ្នំគូលែន,

២៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី,

៣៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់បេតិកភណ្ឌអង្គរ,

៤៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់ទីក្រុងសៀមរាប,

៥៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់បឹងទន្លេសាប

៦៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់ទីក្រុងសៀមរាបថ្មី (Grand Siem Reap) ក្រោមទម្រង់ជាតំបន់ទេសចរណ៍ពិសេស ដែលមានអ្នកអភិវឌ្ឍក្រោមទម្រង់ជា PPP ។

អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី «ការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥» និងបានសម្រេចដូចខាងក្រោម៖

ទី១៖ គាំទ្រជាគោលការណ៍លើ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥» និងសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្រុមការងារដែលបានរៀបចំផែនការនេះឡើង។

ទី២៖ ស្នើឱ្យកែសម្រួល និងកាត់បន្ថយនូវខ្លឹមសារលម្អិត ដោយរំលេចតែចំណុចគោលធំៗជាយុទ្ធសាស្ត្រ ដើម្បីឱ្យផែនការមេនេះមានខ្លឹមសារខ្លី ជាងមុន ។

ទី៣៖ ស្នើឱ្យក្រសួង-ស្ថាបន័ពាក់ព័ន្ធដែលជាសមាជិក សមាជិការគណៈកម្មការអន្តរក្រសួង ពិនិត្យឱ្យបានលម្អិតលើផ្នែក ដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន រួចបញ្ជូនផ្នែកនោះមកក្រុមការងារគណៈកម្មការបញ្ចូលទៅក្នុងផែនការមេនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត ។

ទី៤៖ សម្រេចឱ្យបង្ស៉ីគ្នារវាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥» និង «ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប» ដែលរាជរដ្ឋាភិបាលបានសម្រេចរួចហើយ។

សម្រាប់អង្គប្រជុំសម្រេច នឹងប្រជុំឆ្លងម្តងទៀតនៅចុងខែ តុលា ឆ្នាំ២០២០ ក្រោយពីការកែសម្រួល មុននឹងគោរពដាក់ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចដ៏ខ្ពស់ខ្ពស់។

ដោយ៖ Stince

Related Articles