វិស័យទេសចរណ៍ គឺជាវិស័យមួយដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ តាមបណ្ដាខេត្ដនានា ក្នុងនោះខេត្ដកែប ក៏ជាខេត្ដមួយត្រូវបានគេស្គាល់ថា មានតំបន់ទេសចរណ៍ យ៉ាងស្រស់ស្អាត ហើយអាចអូសទាញបានភ្ញៀវទេសចរណ៍រាប់រលាននាក់ ក្នុងមួយឆ្នាំៗប៉ុន្ដែដោយសារតែ ការរាតត្បាតនៃមេរោគ កូវីដ១៩ កំណើនភ្ញៀវទេសចរណ៍ ក្នុងខេត្ដនេះត្រូវបាន ធ្លាក់ចុះ ខុសពីការរំពឹងទុក។
ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារខេត្តកែប បានឲ្យដឹងថា “ប្រជាជនខេត្តកែបមានតែ ៤,២ ម៉ឺននាក់ ចំណែកភ្ញៀវទេសចរមានដល់ទៅ ១,៧លាននាក់ ហើយបើកុំតែកូវីដនេះ ខេត្តកែបអាចទទួលទេសចរចូលដល់២លានហើយឆ្នាំនេះ ព្រោះថាប្រជាជនកំពុងតែផ្តោតការយកចិត្តទុកដាក់ច្រើនមកលើតំបន់ឆ្នេរខ្សាច់កម្សាន្ដនេះឯង”។
សម្រាប់ការវិនិយោគ វិញ ខេត្ដកែបមួយនេះ នៅមិនទាន់មានការវិនិយោគ ពីវិនិយោគិនបរទេសនៅឡើយទេ ពោលគឹ មិនទាន់មានការវិនិយោគជាលក្ខណៈទ្រង់ទ្រាយធំ គឺមានតែវិស័យឯកជនតូចៗនៅក្នុងស្រុកប៉ុណ្ណោះ។
លោកបានបន្ដទៀតថា សព្វថ្ងៃនេះ ខេត្ដកែប មានកោះចំនួន១៣ ដោយកោះទន្សាយ និងកោះបូរណ៍ ជាកោះដែលពេញនិយមជាងគេ។ កោះទាំង១៣ បូកនិងឆ្នេរសមុទ្រក្នុងខេត្តនេះប្រវែង៣,៥គីឡូម៉ែត្រផងនោះ ក្នុងមួយឆ្នាំខេត្តនេះ អាចទាក់ទាញទេសចរដល់ទៅ ១,៧លាននាក់ ខណៈដែលចំនួនប្រជាជនសរុបក្នុងខេត្តនេះ មានប្រមាណតែ ៤,២ម៉ឺននាក់ប៉ុណ្ណោះ។ ក្រៅពីសមុទ្រដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញទេសចរហើយ ខេត្តកែបក៏មានដំណាំ និងផលិតផលមានសក្តានុពលមួយចំនួន ដូចជា ម្រេច ទុរេន សាវម៉ាវ អំបិល ជាដើម ដែលបានជួយឲ្យជីវភាពពលរដ្ឋ មានភាពប្រសើរឡើងមួយកម្រិតថែមទៀត។
ដោយ៖ Stince