We TV Cambodia

ខួប​ទី​ ៥០ នៃ​ជ័យជំនះនៃ​ការប្រណាំង​ប្រជែង​​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាមេរិក ជាមួយ​អតីត​សហភាព​សូវៀត

ដោយៈ ទិន សុខាវុធ

កាល​ពី​ថ្ងៃ​ទី ២០ ខែ កក្កដា​ ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook របស់​ស្ថានទូត​ថា៖ «ថ្ងៃនេះគឺជាខួបលើកទី ៥០ នៃការចុះចតរបស់យាន្តអាប៉ូឡូ ទី ១១ នៅលើឋានព្រះចន្ទ! នៅពេលដែលលោក Neil Armstrong បានបោះជំហានដំបូងរបស់មនុស្សជាតិ នៅលើឋានព្រះចន្ទ» ។

លើស​ពី​នេះ​ទៀត ស្ថានទូត​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​នឹង​ផលិត​​យាន​អវកាស​ថ្មី​ៗ​ទៀត ដើម្បី​បញ្ជូន​អ្នក​ឯកទេស​របស់​គេ​ ​អោយ​ទៅ​សង់​មូលដ្ឋាន​អវកាស​នៅ​លើ​ស្ថាន​ព្រះ​ច័ន្ទ ចាប់​ពី​ឆ្នាំ ២០២៤ ឡើង​ទៅ ក្នុង​គោលបំណងជួយ​សំរួល​ដល់​​ការបន្ត​ដំណើរ​របស់​​​អ្នក​ស្រាវជ្រាវ​រុករក​អាមេរិកាំង​ទៅ​កាន់​ភព​អង្គារ​។

តាមការពិត ការចុះ​ចត​ប្រកប​ជោគជ័យ​នៃ​យាន​អវកាស Apollo-11 នៅ​លើ​ស្ថាន​ព្រះច័ន្ទ ជា​ជ័យជំនះ​​ដ៏​ធំធេង​មួយ​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការប្រណាំង​ប្រជែង​នៅ​ក្នុង​វិស័យ​អវកាស (space race)​ ជាមួយ​នឹង​​អតីត​សហភាព​សូវៀត​​នៅ​ក្នុង​ទសវត្សរ៍​ទី ៥០​ និង​ទី ៦០ ។

ដំបូង​ឡើយ មុន​ការចុះចត​របស់​ Apollo-11 នៅ​លើ​ស្ថាន​ព្រះ​ច័ន្ទ គឺ​អតីត​សហភាព​សូវៀត​​ដែល​ជា​អ្នក​នាំ​មុខ​គេ​ នៅ​ក្នុង​ការប្រណាំងប្រជែង​ផ្នែក​អវកាស​នេះ ដោយ​បាន​ប្រើ​យានអវកាស​ប្រភេទ «Soyuz» របស់​ពួក​គេ ​ដឹក​យក​ផ្កាយ​រណប​ដំបូង​គេ​អង្អស់​មាន​ឈ្មោះ​ថា «Sputnik-1» យក​ទៅ​បង្ហោះ​នៅ​ក្នុង​គន្លង​គោចរ (orbit) របស់​ផែនដី នៅ​ថ្ងៃ​ទី ៤ តុលា ឆ្នាំ ១៩៥៧ ។​ ហើយ​នៅ​ថ្ងៃ​ទី ១២ ខែ មេសា ឆ្នាំ ១៩៦១ អតីតសហភាព​សូវៀត​​ក៏​​បាន​បញ្ជូន​មនុស្ស​ដំបូង​គេ​បំផុត ដែល​ជា​​​អ្នក​អវកាស​​ឈ្មោះ Yuri Gagarin អោយ​ទៅ​​ដល់​គន្លង​គោចរ​​របស់​ផែន​ដី​មុន​គេ​។

ផ្កាយ​រណប​ដំបូង​គេ​បំផុត​មាន​ឈ្មោះ​ថា Sputnik-1 ដែល​ត្រូវ​បាន​ផលិត​ឡើង​ និង​​ត្រូវ​បាន​ដឹក​យក​ទៅ​ដាក់​​នៅ​ក្នុង​គន្លង​គោចរ​របស់​ផែន​ដី​ ដោយ​អតីតសហភាព​សូវៀត​​នៅ​ថ្ងៃ​ទី ៤ ខែ តុលា ឆ្នាំ ១៩៥៧ ។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​​បាន​យក​អ្នក​យាន​អវកាស​អោយទៅ​ជាន់​ស្ថាន​ព្រះ​ច័ន្ទ​មុន​គេ​នោះ ហើយ​លទ្ធផល​បាន​មក​ពី​ការស្រាវជ្រាវរុករក​នៅ​ស្ថាន​ព្រះ​ច័ន្ទ​បាន​បង្ហាញ​ថា នៅ​ស្ថាន​ព្រះ​ច័ន្ទ​គ្មាន​ខ្យល់​ដក​ដង្ហើម គ្មាន​ទឹក​ផឹក គ្មាន​ស្រទាប់​បរិយាកាស និង​ដី​គ្មាន​ជីរជាតិ​នោះ អតីតសហភាព​បាន​បង្វែរ​ទិស​ដៅ​​នៃការ​ប្រណាំង​ប្រជែង​ផ្នែក​អវកាស មក​ជា​ការស្រាវជ្រាវ​បង្កើត​ស្ថានីយអវកាស​វិញ​។ ហើយ​ជា​លទ្ធផល អតីត​សហភាព​បាន​បង្កើត​ស្ថានីយ​អវកាស​មុន​គេ​បង្អស់​មាន​ឈ្មោះ​ថា «Mir» នៅ​ក្នុង​ឆ្នាំ ១៩៨៦ ។

ស្ថានីយ​អវកាស​ដំបូង​​គេ​បង្អស់​មាន​ឈ្មោះ​ថា «Mir» ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​​អតីត​សហភាព​សូវៀត និង​ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​ម្តង​មួយកង់ ៗ យក​ទៅ​តំលើង​នៅ​ក្នុង​គន្លង​គោចរ​ជាន់​ទាបរបស់​ផែន​ដី ចាប់​ពី​ឆ្នាំ ១៩៨៦ ដល់​​ឆ្នាំ ១៩៩៦ ។

យ៉ាងណាម៉ិញ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​​នេះ ប្រទេស​រុស្សី​នៅ​តែ​ជាប្រទេស​ឈាន​មុន​គេ​ជានិច្ច​​នៅ​ក្នុង​​វិស័យ​បច្ចេកវិទ្យា​ផលិត​ស្ថានីយ​អវកាស​។ ហើយ​បើ​គ្មាន​ប្រទេស​រុស្សី​ចូលរួម​ទេនោះ ការផលិត​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នឹង​មិន​អាច​សំរេច​​ជា​ផល​ផ្លែផ្កា​បាន​ឡើយ​៕

ស្ថានីយ​អវកាស​អន្តរជាតិ ISS ដែល​អាច​ត្រូវ​ត​ពង្រីក​ចេញ​បាន​គ្រប់​ទិស​ និង​គ្មាន​ដែន​កំណត់​។

Related Articles