We TV Cambodia

ខុសពីម្រេចដែលលក់មិនចេញសោះ ប៉ុន្តែផ្លែទុរេននៅតែមានទីផ្សារខ្ពស់ ទោះបីមានការរីករាលដាលជំងឺ COVID-19 ក៏ដោយ

ខុសពីម្រេចដែលលក់មិនចេញសោះ ប៉ុន្តែផ្លែទុរេននៅតែមានទីផ្សារខ្ពស់ ទោះបីមានការរីករាលដាលជំងឺ COVID-19 ក៏ដោយ
ទុរេនមានទីផ្សារខ្ពស់កំឡុងពេល COVID-19 (ប្រភព៖ Google)

តាំងពីមានការឆ្លងរីករាលដាលនៃជំងឺ COVID-19 មក ផលិតផល និងទំនិញជាច្រើនបានបាត់បង់ទីផ្សារ មិនអាចលក់ចេញបានឡើយ។ ប៉ុន្តែបើក្រឡេកទៅមើលផ្លែទុរេនវិញឃើញថា កំពុងតែមានទីផ្សារ និងតម្រូវការខ្ពស់ទៀតផង។

បើតាមលោក សាក់ ផុន ម្ចាស់​ចម្ការ​ទុរេន នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា ចាប់តាំងពីប្រមូលផលមក ទុរេនរបស់លោកទទួលបានការបញ្ជាទិញច្រើន។ មិនតែប៉ុណ្ណោះ ​ពេលខ្លះគ្មានទុរេនឲ្យគេទៀតផង ព្រោះដោយសាររដូវនេះ មិនមែនជារដូវពេញ​ប្រមូល​ផល​នោះទេ​។

ទុរេនមានទីផ្សារខ្ពស់កំឡុងពេល COVID-19 (ប្រភព៖ Google)

លោកក៏បានបញ្ជាក់ថា ទុរេនឆ្នាំនេះអាចលក់បានថ្លៃជាងឆ្នាំមុន ដោយមានតម្លៃចន្លោះពី ២៣,០០០រៀល ទៅ ២៥,០០០រៀល ក្នុងមួយគីឡូ។ ហើយអតិថិជន​របស់លោក គឺជា​ឈ្មួញ​ដែល​យកទៅលក់​នៅតាម​ផ្សារ​ទំនើប និង​នៅតាម​បណ្ដា​នានា​។

ក្រៅពីនោះ ម្ចាស់ចំការក្នុងស្រុកថ្មបាំង ២រូប ក៏បានអះអាងដូចគ្នាថា ទុរេននៅឆ្នាំនេះមានទីផ្សារខ្ពស់ មានអ្នកបញ្ជាទិញច្រើន និងមានអតិថិជនខ្លះកក់តាំងពីមិនទាន់ប្រមូលផលផង។ ប៉ុន្តែម្ចាស់ចំការមួយចំនួនក៏មានការបារម្ភផងដែរនៅពេលដល់រដូវពេញប្រមូលផល ដោយខ្លាចតម្លៃអាចធ្លាក់ចុះ ដោយសារទិន្នផលបានច្រើនជាងឆ្នាំមុន។

ទុរេនខ្មែរ (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ខណៈពេលដែលទុរេនកំពុងតែមានទីផ្សារខ្ពស់ និងអាចលក់បានក្នុងតម្លៃថ្លៃ ផ្ទុយទៅវិញ ម្រេចគ្មានទីផ្សារទាល់តែសោះក្នុងកំឡុងពេល COVID-19 នេះ ដោយតម្រូវឲ្យម្ចាស់ចំការហាលស្តុកទុករង់ចាំលក់ចេញពេល COVID-19 ធូរស្បើយឡើងវិញ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles