ខុនដូ Leedon Heights មានទីតាំងនៅក្នុងខណ្ឌសែនសុខ ជាប់ផ្សារទំនើប AEON2 នឹងចាប់ផ្ដើមដំណើរការសាងសង់ក្នុងត្រីមាសទី ៣ ក្នុងឆ្នាំ ២០២០ និងក៏គ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការផ្ដល់ព័ត៌មានពី លោកស្រី អាន សុធីតា ជានាយិកាគ្រប់គ្រង ក្រុមហ៊ុន CBRE Cambodia មកកាន់ភ្នាក់ងារព័ត៌មានក្នុងស្រុក។
ក្នុងគម្រោងអភិវឌ្ឍន៍ទី១ មានអគារសរុបចំនួន ៤ អគារជាប់គ្នា លើទំហំផ្ទៃដី១,៥ ហិចតា ដែលអគារនីមួយៗ មានកម្ពស់ ៣៦ជាន់ មានផ្នែកលំនៅឋានចំនួន ១១៩០ បន្ទប់ និងតម្លៃបន្ទប់ខុនដូមាន ចាប់ពី ៧០ ០០០ ដុល្លារអាមេរិក ឡើងទៅ។ គម្រោងខុនដូដ៏ធំស្កឹមស្កៃនេះ ជាការសហការវិនិយោគរួមគ្នាដោយវិនិយោគិនកម្ពុជា សិង្ហបុរី និងតៃវ៉ាន់ ដែលសុទ្ធតែមានបទពិសោធន៌ជាច្រើនឆ្នាំ ក្នុងគម្រោងសាងសង់លំនៅឋាន និងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនើបៗលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។
លោកស្រី អាន សុធីតា បានបន្ថែមថា៖ «យើងពិតជាមានកិត្តិយសណាស់ ដែលត្រូវបានជ្រើសរើសជាអ្នកតំណាង Leedon Heights ជាភ្នាក់ងារផ្តាច់មុខក្នុងការលក់ និងការគ្រប់គ្រងអចលនទ្រព្យ។ ដូចមានពាក្យស្លោក ‘លំដៅឋានថ្មី ការរស់នៅបែបថ្មី’ បានបង្ហាញន័យស្រាប់ គឺថាគម្រោងមួយនេះ មានលក្ខណៈសមស្របបំផុត ទាំងការរចនាម៉ូដ គុណភាព និងទាំងគោលគំនិតនៃគម្រោងមួយនេះ សុទ្ធតែបង្ហាញពីលក្ខណៈវណ្ណកម្មស្ថាបត្យកម្មមួយថ្មី ចាប់ផ្តើមានវត្តក្នុងទីក្រុងរបស់យើង ដែលមិនធ្លាប់មានពីមុនមក»៕
ដោយ៖ Stince
