
ដោយ៖ឧត្តម
ភ្នំពេញ៖ ស្របទៅនឹងកំណើននៃអ្នកវិនិយោគនានាដែលមកបោះទុនក្នុងប្រទេសកម្ពុជាក្នុងនោះអ្នកជំនាញផ្នែកអចលនទ្រព្យបានបង្ហាញថាខណ្ឌចំនួន៥ក្នុងរាជធានីភ្នំពេញត្រូវបានជាប់ជាទីតាំងមានអគារខុនដូជាច្រើនកំពុងអណ្តែតឡើង។
អ្នកជំនាញថាខណ្ឌដែលកំពុងត្រូវបានអ្នកវិនិយោគសម្លឹងមើលនិងសម្បូរទៅដោយបណ្តុំអគារច្រើននោះគឹ ខណ្ឌ ចម្ការមន ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញ និងខណ្ឌទួលគោក ដែលជាតំបន់ដែលមានអគារពណិជ្ជកម្មខ្ពស់ៗ ខុនដូ ផ្សារទំនើប ជាច្រើនកំពុងរីកដុះដាលនៅទីនោះផ្ទាល់។
លោក ឡៅ ទិព្វសីហា មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ ថា គិតមកដល់បច្ចុប្បន្ននេះ នៅទូទាំងរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅសរុបប្រមាណ១៣០០អគារ ក្នុងនោះខណ្ឌចំនួន៥មានអគារខ្ពស់ច្រើនជាងគេគឺ ខណ្ឌចំការមន, ខណ្ឌទួលគោក, ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខ ។
លោកលើកឡើងថា ៖« ខណ្ឌទាំង៥ខាងលើនេះមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដែលមានវិនិយោគិនជាច្រើនហើយមើលឃើញចំណុចល្អក្នុងការបោះទុនវិនិយោគ ទើបមានការសាងសង់អគារខ្ពស់ច្រើនជាងខណ្ឌផ្សេងទៀត » ។ បន្ថែមពីនោះ ខណ្ឌទាំង៥នេះពិតជាសម្បូរដោយសំណង់អគារខ្ពស់ៗច្រើនជាងគេ ដោយសារតែខណ្ឌទាំងនេះ មានសកម្មភាពសេដ្ឋកិច្ចច្រើន និងដង់ស៊ីតេប្រជាពលរដ្ឋរស់នៅច្រើន ។
ស្របទៅនឹងការលើកឡើងរបស់លោក សីហា ដោយឡែកលោក ប៉ូអ៊ាវគង់ ជាអ្នកគ្រប់គ្រងទូទៅ របស់អាស៊ីរៀល អ៊ិចស្ទេតបានថ្លែងថា ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នមានសន្ទុះខ្លាំងលើវិស័យអចលនទ្រព្យដែលជាសញ្ញានមួយនៃការអភិវឌ្ឍខ្ពស់។
នៅក្នុងចំណោមខណ្ឌដែលមានចលករអគារខុនដូច្រើននោះគឺខណ្ឌចម្ការមន និងសែនសុខ ដោយសារទីនោះជាតំបន់ពណិជ្ជកម្មយ៉ាងមមាញឹក និងសកម្មខ្លាំងជាគេ។
ក្នុងនោះដែរ ការកើនឡើងសំណង់អគារជាច្រើននៅតាមខណ្ឌនោះដោយសារតែទីតាំងភូមិសាស្ត្រនោះជាតំបន់ដែលល្អមិននិងជាទីតាំងដែលចំកណ្តាលក្រុង ដែលបង្កលក្ខណះងាយស្រួលការទាក់ទាញអ្នកវិនិយោគ ជាពិសេស អ្នកទិញផ្ទាល់តែម្តង។
វិស័យសំណង់ នៅទូទាំងប្រទេស មានចំនួនសរុប ៣៤៣គម្រោង មានផ្ទៃក្រឡាដែលមានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៦,៤៩៤,៣៧២,៣៧១ ដុល្លារអាមេរិក បើធៀបនឹងរយៈពេល៩ខែនៃឆ្នាំ ២០១៨ មានចំនួន ២៥៤គ១ម្រោង ដែលមានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៤,៧៥៣,៣១៤,៥៦៥ ដុល្លារសហរដ្ឋអាមេរិក គឺមានការថយចុះចំនួន ៣៤.៧៣ភាគរយ។ នេះបើយោង តាមរបាយការណ៍ បូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០១៩ និងទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
