We TV Cambodia

ក្រោយទទួលរងការវាយប្រហារខ្លាំងពី COVID-19 ជាង ១ម៉ឺនករណី ពេលនេះហ្វីលីពីនកំពុងសម្លឹងរកទិញអង្ករពីកម្ពុជា និងប្រទេសចំនួន៤ ទៀត

ក្រោយទទួលរងការវាយប្រហារខ្លាំងពី COVID-19 ជាង ១ម៉ឺនករណី ពេលនេះហ្វីលីពីនកំពុងសម្លឹងរកទិញអង្ករពីកម្ពុជា និងប្រទេសចំនួន៤ ទៀត
ហ្វីលីពីនកំពុងតែសម្លឹងរកទិញអង្ករពីកម្ពុជា (ប្រភព៖ Google)

ប្រទេសហ្វីលីពីនកំពុងតែសម្លឹងរកទិញអង្ករពីកម្ពុជា និងប្រទេសចំនួន៤ ទៀតរួមមានថៃ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌា ក្នុងចំនួនប្រមាណ ៣០ម៉ឺនតោនដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់ខ្លួន ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺ COVID-19 និងធ្វើឲ្យការផលិតអង្ករក្នុងស្រុកមានការខ្វះខាត។

បើតាមលោក William Dar រដ្ឋលេខាធិការ​កសិកម្ម​ហ្វីលីពីន បានឲ្យដឹងថា យើងកំពុងតែទាក់ទងទៅកាន់ប្រទេសផលិតអង្ករធំៗដូចជាកម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌាជាដើម ដើម្បីស្វែងរកទិញអង្ករចំនួន ៣០ម៉ឺនតោនបន្ថែមទៀត និងអាចដឹកមកកាន់ហ្វីលីពីននៅមុនត្រីមាសទី៣នេះ។

អង្ករកម្ពុជា (ប្រភព៖ Google)

ទាក់ទងនឹងការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីននេះ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករ​កម្ពុជា​ បានមានប្រសាសន៍ថា ការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនគឺត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលហ្វីលីពីនផ្ទាល់។ ដូច្នេះ បើប្រទេសណាដែលមានលក្ខណៈនាំចេញល្អ ប្រទេសនោះនឹងត្រូវបានរដ្ឋាភិបាលជ្រើសរើសឲ្យនាំអង្ករចូល។ ហេតុនេះហើយ កម្ពុជាមិនអាចនាំចេញអង្ករទៅកាន់ហ្វីលីពីនបានទេ ដោយសារតែយើងមានបញ្ហាធំៗចំនួន២ គឺតម្លៃ និងការនាំចេញក្នុងបរិមាណច្រើន ហើយទាមទារឲ្យមានការដឹកជញ្ជូនក្នុងរយៈពេលខ្លី ដែលកម្ពុជាមិនអាចប្រជែងជាមួយប្រទេសជិតខាងបានឡើយ។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (ប្រភព៖ Google)

មួយវិញទៀត រដ្ឋាភិបាលកម្ពុជាក៏បានហាមមិនឲ្យមានការនាំចេញអង្ករផងដែរ ដោយទុកអង្ករដើម្បីផ្គង់ផ្គង់ដល់តម្រូវការក្នុងស្រុក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាក្នុងកំឡុងពេល COVID-19 នេះ។

លោកឧកញ៉ា ហ៊ុន ឡាក់ ក៏បានបញ្ជាក់បន្ថែមថា ថ្មីៗនេះខាងសហព័ន្ធក៏បានជួបប្រជុំជាមួយក្រសួងពាក់ព័ន្ធ និងបានស្នើឲ្យរដ្ឋាភិបាលគិតគូរដកបម្រាម ឬអាចកំណត់នូវចំនួននៃការនាំចេញណាមួយ ដោយរក្សាឲ្យបាននូវសន្តិសុខស្បៀងផងដែរ។

ស្ថានភាពប្រទេសហ្វីលីពីនក្នុងកំឡុងពេល COVID-19 (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ត្រឹមរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករប្រមាណជាង ៣០ម៉ឺនតោន ដែលវាមានការកើនឡើងប្រមាណ ៤១%បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

អត្ថបទដោយ៖  Nevin

ប្រភព៖ ក្រៅស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *