We TV Cambodia

ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

សម្រួលអត្ថបទដោយ៖​ រដ្ឋ ស្រីពេជ្រ

 

តាមរយៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថាវាមិនមែនជារឿងចម្លែកទេ ដែលក្រុមអ្នកវាយប្រហារជំរិតទារប្រាក់តាមរយៈអនឡាញ (Ransomware) បានប្រើគេហទំព័រនិង បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងការផ្សព្វផ្សាយទិន្នន័យដែលគេបានលួចដើម្បីបង្ខំឱ្យក្រុមហ៊ុនបង់ប្រាក់ជាថ្នូរនឹងការបញ្ឈប់ការផ្សព្វផ្សាយឬលក់ទិន្នន័យ ប៉ុន្តែនៅពេលថ្មីៗនេះពួកគេបានប្រើវិធីថ្មីទៀតហើយ ដោយប្រើគណនីហ្វេសប៊ុកដែលគេបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។

បើតាមលោក Chris Hodson ដែលជាម្ចាស់គណនីហ្វេសប៊ុកបានប្រាប់អ្នកស្រាវជ្រាវឱ្យដឹងដែរថា គណនីរបស់លោកត្រូវបានគេលួចចូលទៅកាន់កាប់ ហើយនេះជាគណនីតែមួយគត់របស់លោកដែលមិនបានប្រើប្រព័ន្ធការពារ Two-step verification។ ទោះបីជាអ្នកស្រាវជ្រាវពុំបានដឹងថាតើមានគណនីហ្វេសប៊ុកប៉ុន្មានទៀតដែលក្រុមអ្នកវាយប្រហារបានប្រើដើម្បីយកទៅផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែពួកគេគិតថាវានឹងអាចមានក្រុមអ្នកវាយប្រហារផ្សេងៗទៀតដែលនឹងប្រើវិធីរបៀបនេះ។

សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង នាយកដ្ឋានសង្កេតឃើញថាការលួចយកគណនីហ្វេសប៊ុក ភាគច្រើនគឺដើម្បីយកទៅខ្ចីលុយ ឬដើម្បីវាយប្រហារបុគ្គលណាមួយ ដូច្នេះដើម្បីការពារសុវត្ថិភាពគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យលោកអ្នកប្រើប្រព័ន្ធការពារ Two-step verification ប្រសិនបើមាន។ ម្យ៉ាងវិញទៀតសូមលោកអ្នកធ្វើការប្ដូរលេខសម្ងាត់ជាបន្ទាន់ប្រសិនបើបានឱ្យអ្នកលក់ទូរសព្ទបង្កើតគណនីទាំងនោះ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

 

Related Articles