We TV Cambodia

ក្រុមហ៊ុនVisaណែនាំកម្មវិធីឌីជីថលថ្មី និងដំណោះស្រាយ ដើម្បីជួយសហគ្រាសធុនតូច និង មធ្យម (SMEs)

ក្រុមហ៊ុនVisaណែនាំកម្មវិធីឌីជីថលថ្មី និងដំណោះស្រាយ ដើម្បីជួយសហគ្រាសធុនតូច និង មធ្យម (SMEs)

សម្រួលអត្ថបទដោយ៖ពេជ្រ

ភ្នំពេញ៖ ដើម្បីជំរុញសន្ទុះឡើងវិញនៃអាជីវកម្មខ្នាតតូច តាមរយៈប្រព័ន្ធពាណិជ្ជកម្មឌីជីថល ក្រុមហ៊ុន Visa បានណែនាំកម្មវិធីឌីជីថលថ្មី និងផ្ដល់ដំណោះស្រាយ ដើម្បីជួយសហគ្រាសធុនតូច និង មធ្យម (SMEs)​ ដែលកំពុងប៉ះពាល់ដោយសារតែជំងឺកូវីដ-១៩។

យោងតាមក្រុមហ៊ុន Visa ក្នុងថ្ងៃនេះ បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការគាំទ្រអាជីវកម្មខ្នាតតូចចំនួន ១០លានកន្លែង នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជា ក្នុងការត្រឡប់មកធ្វើអាជីវកម្មឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ នៃការរីករាលដាលពីជំងឺរាតត្បាតជាសកល។

ក្រុមហ៊ុន Visa កំពុងណែនាំកម្មវិធី ព្រមទាំងផ្តល់នូវដំណោះស្រាយជាច្រើនដើម្បីជួយសហគ្រាសធុនតូច និង មធ្យម (SMEs) ដើម្បីជំរុញការលក់ប្រកបដោយប្រសិទ្ធភាព តាមរយៈការទទួលយកការទូទាត់តាមបែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង នៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ ទាំងតាមប្រព័ន្ធអ៊ីនធើណេត និងនៅក្នុងហាងលក់ទំនិញនានា។ ក្រុមហ៊ុន Visa ក៏បានបង្កើតវិទ្យាស្ថានពង្រឹងវិស័យសេដ្ឋកិច្ច Visa (VEEI) ដែលផ្តោតលើបញ្ហាសេដ្ឋកិច្ច និងសង្គម រួមទាំងបញ្ហាដែលសហគ្រាសធុនតូច និងមធ្យមកំពុងប្រឈមជាមួយផលប៉ះពាល់ នៃមេរោគរាតត្បាត ព្រមទាំងការបញ្ឈប់ការរើសអើងជាតិសាសន៍ និងគម្លាតនៃយេនឌ័រ។

ការគាំទ្រអាជីវកម្មចំនួន ១០លានកន្លែង គឺជាផ្នែកមួយនៃកម្មវិធីទូទាំងពិភពលោករបស់ក្រុមហ៊ុន Visa ដែលផ្ដល់ការគាំទ្រដល់ អាជីវកម្មខ្នាតតូចសរុបចំនួន ៥០លានកន្លែងនៅជុំវិញពិភពលោក។ អាជីវកម្មខ្នាតតូច ដើរតួយ៉ាងសំខាន់ក្នុងការជួយសហគមន៍ឱ្យដំណើរការឡើងវិញ ព្រោះថាអាជីវកម្មនេះបានផ្ដល់ការងារជាងពាក់កណ្តាល នៃការងារសរុបនៅជុំវិញពិភពលោក ហើយស្ថិតក្នុងចំណោមអាជីវកម្មដែលងាយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីជំងឺរាតត្បាត ។ នៅអាស៊ីប៉ាស៊ីហ្វិក សហគ្រាសធុនតូចនិងមធ្យម មានច្រើនជាង៩០ភាគរយ នៃអាជីវកម្មទាំងអស់ ហើយចំនួន ៥០ភាគរយគឺជាការងារដែលប្រើកម្លាំងពលកម្ម។

ក្រៅពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ជំងឺ COVID-19 កំពុងជួយជម្រុញឱ្យមានការប្រើប្រាស់តាមរយៈប្រព័ន្ធឌីជីថល ហើយប្រជាជនចាប់ផ្តើមស្វែងរកមធ្យោបាយថ្មីៗក្នុងការទូទាត់ដោយមិនចាំបាច់ប៉ះពាល់ផ្ទាល់ជាមួយម៉ាស៊ីនគិតប្រាក់ រហូតធ្វើឱ្យមានកើនឡើងនៃការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណេត (eCommerce) ដោយសារតែមិនអាចចាកចេញពីផ្ទះ អតិថិជនជ្រើសរើសការបញ្ជាទិញ តាមរយៈប្រព័ន្ធអ៊ីនធឺណេតជំនួសឱ្យការចេញទៅទិញនៅហាងនានាវិញ។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «ពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកបានធ្វើការកែប្រែ ទៅកាន់ការទូទាត់តាមបែបឌីជីថលនៅក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ COVID-19 ព្រោះអតិថិជនព្យាយាមស្វែងរកមធ្យោបាយទូទាត់ ដែលមានសុវត្ថិភាព និងមិនប៉ះដោយផ្ទាល់ ដោយធ្វើការបញ្ជាទិញទំនិញដែលចាំបាច់តាមរយៈប្រព័ន្ធអ៊ីនធឺណេត” ។

លោកបន្តថា៖ «តួនាទី និងបទពិសោធន៍របស់ក្រុមហ៊ុន Visa ក្នុងវិស័យទូទាត់អាចជួយផ្តល់នូវមធ្យោបាយដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យមសម្របខ្លួនទៅនឹងវិធីសាស្រ្តថ្មីៗដើម្បីគ្រប់គ្រង និងធ្វើឱ្យអាជីវកម្មរបស់ពួកគេមានការរីកលូតលាស់នៅក្នុងវិស័យឌីជីថល ក្នុងដំណាក់កាលងើបឡើងវិញ» ។

បន្ថែមពីនេះ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច ក្រុមហ៊ុន Visa កំពុងផ្តោតលើយុទ្ធសាស្ត្រចំនួនបួន ដើម្បីជំរុញពាណិជ្ជកម្មតាមបែបឌីជីថល និងកំណើនសេដ្ឋកិច្ច ដោយមានផែនការបន្តបង្កើតផលិតផល និងសេវាកម្មនានា៕

ប្រភព៖ ក្រសួងព័ត៌មាន

 

Related Articles