ក្រុមហ៊ុន Tesla បានកាន់កាប់ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសអូស្ត្រាលីប្រមាណ ៨០%ឯណោះ ដែលស្មើនឹង១៨,០០០គ្រឿង ហើយ Tesla ក៏ទើបតែប្រកាសថាបានផលិតរថយន្តអគ្គិសនីទី ១លានរបស់ខ្លួនផងដែរ។
Tesla មានជំហរមួយ គឺធ្វើឲ្យការលក់មានការកើនឡើងជានិច្ច បើគិតមកទល់ឆ្នាំ២០២០នេះ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះបានអះអាងថា ខ្លួនបានលក់រថយន្តអគ្គិសនីក្នុងប្រទេសអូស្ត្រាលីសរុបចំនួន ១៧,៦០០គ្រឿង។
គិតត្រឹម ២ខែដំបូងក្នុងឆ្នាំ២០២០ Tesla លក់រថយន្តអគ្គិសនីបានប្រមាណ ១,០៥០គ្រឿងក្នុងប្រទេសអូស្ត្រាលីនិងតាមពីក្រោយដោយក្រុមហ៊ុន Hyundai ស្ថិតនៅលំដាប់ទី២ លក់បានតែ ១៦២គ្រឿង បន្ទាប់ពីនោះរួមមាន Nissan ៦៣គ្រឿង, និង BMW ១៧គ្រឿង។
សារព័ត៌មាន Driven បានរាយការណ៍ថារថយន្តម៉ូដែល៣ មានតម្រូវការខ្លាំងបំផុត ដោយម៉ូដែលផ្សេងទៀតរួមមានម៉ូដែល S និងម៉ូដែល X។ បើគិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ រថយន្តអគ្គិសនីរបស់ Tesla ចំនួន ១៦,២៧៨គ្រឿងត្រូវបានលក់នៅក្នុងប្រទេសអូស្ត្រាលី ដែលនេះជាការជំរុញរបស់ Tesla ឲ្យមានការចាប់អារម្មណ៍ និងប្ដូរទៅប្រើរថយន្តអគ្គិសនីនៅជុំវិញពិភពលោក។
លោក Elon Musk ធ្លាប់បាននិយាយថា មនុស្សរអ៊ូនឹងការសាកថ្មរបស់ឡានអគ្គិសនីដោយចំណាយពេលប្រមាណ ៤០នាទីក្នុងការសាក ហើយយកទៅប្រៀបធៀបនឹងការចាក់សាំងប្រមាណ៥ ទៅ១០នាទី ប៉ុន្តែពួកគេមិនបានគិតទៅដល់ពេលដែលពួកគេនៅផ្ទះ មើលទូរទសន្ស និងសម្រាកជាដើម ក៏ពួកគេនៅតែអាចសាកថ្មឡានបានដដែល។
បន្ទាប់ពីនោះមកមនុស្សមួយចំនួនបានចាប់ផ្ដើមផ្លាស់ប្ដូរការគិត និងចាប់អារម្មណ៍ទៅលើរថយន្តអគ្គិសនីវិញម្ដង ដែលនេះជាហេតុធ្វើអោយ Tesla ទទួលបានការចាប់អារម្មណ៍ច្រើន ហើយវាគ្មានអ្វីប្លែកទេដែលក្រុមហ៊ុន Tesla កាន់កាប់ ៨០%នៃទីផ្សាររថយន្តអគ្គិសនីនៅអូស្រ្តាលី។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក