កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក Senserey Group និងក្រុមហ៊ុនសំណង់ KX Group ដែលគ្រប់គ្រងដោយជនជាតិចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការ និងផ្ដោតទៅលើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា។
អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Senserey Group លោកលី សែនសេរី បានថ្លែងក្នុងពិធីចុះហត្ថលេខាថា វិស័យសំណង់នៅកម្ពុជាដំណើរការបានល្អកាលពីឆ្នាំមុនហើយនឹងបន្តរីកចម្រើនទៅមុនទៀតនៅឆ្នាំនេះ ហើយកំណើនវិស័យអចលនទ្រព្យ និងសំណង់បានគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ កំណើននេះបង្ហាញពីទំនុកចិត្តរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅពេលដែលរដ្ឋាភិបាលណែនាំនូវគោលនយោបាយថ្មីដើម្បីគ្រប់គ្រងវិស័យនេះ។
លោកបានបន្តទៀតថា “ខ្ញុំសង្ឃឹមថាអនុស្សារណៈនៃការយោគយល់គ្នារវាង Senserey Group និង KX Group នឹងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនទាំងពីរក្នុងការទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក ហើយវាក៏បង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនផងដែរ។
ចំណែកលោក Jackie Gao តំណាងក្រុមហ៊ុន KX Group បានមានប្រសាសន៍ថា «ទីផ្សារអចលនទ្រព្យក្នុងស្រុកកំពុងរីកចម្រើន។ បន្ទាប់ពីបានឃើញឱកាសទីផ្សារនៅកម្ពុជា យើងបានសំរេចចិត្តនាំក្រុមសំណង់ដ៏ឆ្នើមរបស់យើងមកទីនេះ។ យើងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Senserey Group ។
គូសបញ្ជាក់ថាក្រុមហ៊ុន KX Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០ មានទីស្នាក់ការកណ្តាលនៅទីក្រុងយ៉ាងឈីង (Yancheng) ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន។ សកម្មភាពរបស់ក្រុមរួមមាន សំណង់ វិស្វកម្ម ការអភិវឌ្ឍអចលនទ្រព្យ ការវិនិយោគទីផ្សារមូលធន រួមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ។
សូមបន្ថែមថា បើរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា តម្លៃវិនិយោគទុនសំណង់សរុបនៅកម្ពុជាកាលពីឆ្នាំមុនមានចំនួនជាង ៩,៣ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុនចិនគឺជាអ្នកវិនិយោគធំបំផុតនៅក្នុងឧស្សាហកម្មនេះ ដែលមានទឹកប្រាក់ជាង ២,៨ពាន់លានដុល្លារអាមេរិក។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក