ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង រួមដៃជាមួយនឹងក្រុមហ៊ុន Royal Galaxy Group មកពីប្រទេសចិន បោះទុនវិនិយោគប្រមាណ $300 លានដុល្លារ ដើម្បីអភិវឌ្ឍកោះរ៉ុង ក្នុងខេត្តព្រះសីហនុ អោយក្លាយទៅជាដែនដីកោះនៃតំបន់ទេសចរណ៍ដ៏ល្អប្រណិត។
គំរោងវិនិយោគនេះ ត្រូវបានប្រកាសឡើងនៅក្នុងកម្មវិធីជួបជុំគ្នាមួយ រវាងអ្នកជំនួញខ្មែរនិងចិន កាលពីសប្តាហ៍មុន នៅខេត្តព្រះសីហនុ នៅក្រោមវត្តមានរបស់លោកអភិបាលខេត្ត គួច ចំរើន ។
ជាក់ស្តែង តាមរយៈគំរោងវិនិយោគនេះ រមណីយដ្ឋានឆ្នេរខ្សាច់លំហែកាយដ៏ល្អប្រណិតមួយ នឹងត្រូវសង់ឡើង ដោយនៅក្បែរនោះ ក៏នឹងមានសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ទាន់សម័យមួយដែរ។ លើសពីនេះទៀត ទីកន្លែងកំសាន្តជាច្រើនតាមបែបចិននិងលោកខាងលិច ក៏នឹងត្រូវលេចរូបរាងឡើងដែរ មានដូចជា ក្លឹបកំសាន្តទូក ក្លឹបសមុទ្រ ផ្សារទំនើប ហាងមួយជាច្រើន និងផ្ទះវីឡាទំនើបជាង ៦០០ ខ្នងជាដើម។
នៅក្នុងឱកាសជួបជុំគ្នានោះ លោកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ទន្ទឹមនឹងការសាងសង់រមណីយដ្ឋាននិងសណ្ឋាគារលំដាប់អន្តរជាតិ ក្រុមហ៊ុនរបស់លោកនិងក្រុមហ៊ុនដៃគូ ក៏នឹងសាងសង់កាស៊ីណូជាច្រើនផងដែរ ក្នុងគោលបំណងអភិវឌ្ឍកោះរ៉ុង អោយក្លាយទៅជាដែនកោះគំរូដ៏ល្អប្រណិត សំរាប់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Royal Group បានទទួលសិទ្ធិអភិវឌ្ឍកោះរ៉ុង អោយក្លាយទៅជាដែនដីកោះទេសចរណ៍អន្តរជាតិ ពីរាជរដ្ឋាភិបាល តាំងពីឆ្នាំ ២០០៨ មកម្លេះ។ យ៉ាងណាម៉ិញ តាមរយៈកិច្ចសន្យាសម្បទាននេះ ក្រុមហ៊ុនក៏មានគំរោងសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយនៅលើកោះនោះផងដែរ៕
