ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះបានជួបប្រជុំ សំណេះសំណាលផ្ទាល់ជាមួយនឹងអ្នកដំណាងក្រុមហ៊ុន ភីស៊ីប្រទេសថៃ លើគម្រោងនៃការធ្វើវិយោគ ផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ដែលបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែលទំហំនៃការផលិតនៅប្រទេសថៃ មិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាន៍ថា ដំណាំកាហ្វេ គឺមានច្រើននៅខេត្តមណ្ឌលគិរី និងរតនគិរី ហើយឯកឧត្តមក៏លើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភី ចុះពិនិត្យដោយផ្ទាល់ និងសហការជាមួយសហគមន៍ផលិតគ្រាប់កាហ្វេនៅទីនោះ ដើម្បីពិនិត្យលើលទ្ធភាពជាក់ស្ដែង។ ទន្ទឹមគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភី បង្កើនប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជាឲ្យបានច្រើនលើសពីការវិនិយោគបច្ចុប្បន្នបន្ថែមទៀត ជាពិសេសការកែច្នៃអង្ករ ដំឡូងមី ពោត និងផលិតផលដទៃទៀត ដែលសុទ្ធសឹងតែជាផលិតផលមានសក្ដានុពលសម្រាប់នាំចេញ។
បច្ចុប្បន្នបើគិតត្រឹមតែឆមាសទី១ ក្នុងឆ្នាំ២០១៩ កន្លងទៅ ទំហំនៃការវិនិយោគពាណិជ្ជកម្ម រវាងកម្ពុជា ថៃ បានប្រើាប្រាស់ទុន ប្រមាណជាង៤ពាន់លានដុល្លារអាមេរិក ខណៈដែលចំនួននេះ បានធ្វើឲ្យកម្ពុជា ឈរនៅលំដាប់ទី ៤ ក្នុងចំណោមបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ។ ផលិតផលដែលកម្ពុជា នាំចេញទៅថៃភាគច្រើនជា ពោត ដំឡូងមី ជាដើម ខណៈដែលប្រទេសថៃ នាំចូល មកកម្ពុជាវិញ នូវឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ធនៈ គ្រឿងសម្អាង សម្ភារសំណង់ជាដើម៕
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្នុងស្រុក
