
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុន OCIC កំពុងសិក្សាពីលទ្ធភាពសង់ស្ពានក្រោមទឹកទន្លេឆ្ពោះទៅកាន់ទីក្រុងនៅលើកោះថ្មីមួយទៀត ដែលនឹងមានឈ្មោះថា «កោះនរា» ដែលកំពុងត្រូវបានចាក់ដីបង្កើតឡើងនៅលើកោះចាស់សឹករិចរិលមួយដោយសារទឹកទន្លេមេគង្គ។
លោកអគ្គនាយករងក្រុមហ៊ុន OCIC ទូច សំណាង បានលើកឡើងថា មានជំរើសពីរសំរាប់ក្រុមហ៊ុនរបស់លោក ក្នុងការភ្ជាប់កោះពេជ្រ ទៅនឹងកោះនរាថ្មីនោះ។ ជំរើសទីមួយ គឺការសង់ស្ពានយោលដែលមានខ្សែកាបធំៗ និងមានទំហំធំល្មម អាចអោយរថយន្តបើកតំរៀបគ្នាពីរទៅពីរមកបាន។ ហើយស្ពានយោលនេះ នឹងមានប្រវែងប្រមាណ ១,០០០ ម៉ែត្រ និងដែលអាចមានតំលៃរហូតដល់ទៅ $60 លានដុល្លារ ទៅ $70 លានដុល្លារ។
ជំរើសទី ២ គឺការសាងសង់ផ្លូវក្រោមទន្លេ មានទំហំនិងប្រវែងដូចជាស្ពានយោលនោះដែរ ក៏ប៉ុន្តែ តំលៃសំរាប់ផ្លូវក្រោមដីនោះ នឹងខ្ពស់ហួសពីស្ពានយោលនោះឆ្ងាយណាស់ គឺមានអាចមានតំលៃរហូតដល់ទៅ $200 លានដុល្លារឯណោះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន OCIC គ្រោងចំណាយប្រាក់ប្រមាណជា $1,800 លានដុល្លារផងដែរ ក្នុងសាងសង់ទីក្រុងនៅលើកោះថ្មីដែលនឹងមានឈ្មោះថា «កោះនរា» នោះ។
លោក ទូច សំណាង បានអោយដឹងទៀតថា កោះនរា នឹងមានបណ្តោយប្រហែលជា ៣.៥ គីឡូម៉ែត្រ។ ហើយនៅពេលត្រូវបានអភវឌ្ឍរួចរាល់នៅឆ្នាំ ២០១៣ កោះនរានឹងមានលក្ខណៈស្រដៀងគ្នានឹងកោះពេជ្រសព្វថ្ងៃនេះ៕
