
ដោយៈ
ទិន សុខាវុធ
ក្រុមហ៊ុន
Minebea
ដែលជាក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសជប៉ុន បានប្រកាសថា ក្រុមហ៊ុនមានគំរោងបង្កើនទុនវិនិយោគនៅកម្ពុជា
អោយកើនដល់ $400 លានដុល្លារ នៅដំណាច់ឆ្នាំ ២០១៩ ខាងមុខនេះ។
យោងតាមទំព័រ
Facebook របស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ លោក Yoshihisa Kainuma
ប្រធានក្រុមហ៊ុនជប៉ុន Minebea នៅកម្ពុជា
បានចូលជួបលោកនាយករដ្ឋមន្ត្រី នៅឯវិមានសន្តិភាព ដើម្បីសុំការគាំទ្រពីលោកនាយករដ្ឋមន្ត្រី។
នៅក្នុងជំនួបនោះ
លោកប្រធានក្រុមហ៊ុនបានលើកឡើងថា នៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ទុនវិនិយោគរបស់ក្រុមហ៊ុនរបស់លោក
បានកើនដល់ប្រមាណជា $372 លានដុល្លារ។ ហើយនៅដំណាច់ឆ្នាំ ២០១៩
នេះ ទំហំទុនវិនិយោគរបស់ក្រុមហ៊ុនរបស់លោកនឹងកើនដល់ចំនួន $400
លានដុល្លារ។
លោក
Yoshihisa
Kainuma បានបន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកបាននិងកំពុងផលិត
ម៉ូទ័រ ឧបករណ៍ក្មេងលេង និង អំពូលភ្លើងវៃឆ្លាត ដែលត្រូវបិទផ្លាកថា Made in Cambodia ហើយដែលត្រូវដាក់លក់នៅកម្ពុជា
និងនាំចេញទៅលក់នៅក្រៅប្រទេស។
លើសពីនេះទៀត
យោងតាមលោកប្រធានក្រុមហ៊ុន រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោកបានបង្កើតការងារចំនួន
៧,០០០ កន្លែង សំរាប់កម្មករខ្មែរ។ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនរបស់លោកនឹងបង្កើតការងារបន្ថែមទៀត
អោយកើនដល់ចំនួន ២០,០០០ កន្លែង។
យោងតាមលោក
Yoshihisa Kainuma ក្រុមហ៊ុន Minebea បានផលិតអំពូលភ្លើងវៃឆ្លាតចំនួន ៦,៨៩២
អំពូល សំរាប់បំពាក់អោយរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ចំណែកអំពូលវៃឆ្លាតចំនួនប្រមាណជា ២០,០០០ ទៀត ត្រូវបានក្រុមហ៊ុនផលិតនិងនាំចេញទៅលក់នៅប្រទេសជប៉ុន។
នៅពេលខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងផលិតអំពូលវៃឆ្លាតចំនួន ២០,០០០ អំពូលទៀត
សំរាប់នាំចេញទៅបំពាក់អោយទីក្រុង ហ៊ីរ៉ូស៊ីម៉ា ៕
ដោយឡែកនៅកម្ពុជា លោកប្រធានក្រុមហ៊ុនបានសុំអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រផលិតផលអំពូលភ្លើងវៃឆ្លាតផលិតដោយក្រុមហ៊ុនរបស់លោក ដែលជាផលិតក្នុងស្រុក និងដែលជាផលិតផលជួយការពារបរិស្ថាន និងជួយសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ទនៈនិងចរន្តអគ្គិសនី៕

