ដោយៈ ទិន សុខាវុធ
ជើងទំរបូមប្រេងកាតខ្នាតតូចដំបូងគេ បាននិងកំពុងត្រូវសង់ឡើងដោយក្រុមហ៊ុន KrisEnergy ដើម្បីបូមយកប្រេងកាតឆៅចំនួន ៧,៥០០ ធុងក្នុងមួយថ្ងៃ ក្នុងតំបន់អប្សរានៃ Block A នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy ចេញផ្សាយនៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ពិធីសម្ពោធបើកការសាងសង់ជើងទំរនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅលើកោះ Batam ក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពលរបស់កម្ពុជា។
នៅពេលជើងទំរខ្នាតតូចនេះត្រូវសង់រួច អណ្តូងប្រេងកាតចំនួន ៥ កន្លែងនឹងត្រូវបូមយកសារធាតុរ៉ែប្រេងកាត យកទៅទុកនៅក្នុងនាវាចំរាញ់យកប្រេងកាតឆៅមួយមានឈ្មោះថា Ingenium II ដែលនឹងចំរាញ់យកប្រេងកាតឆៅពីសារធាតុវ៉ែប្រេងកាតទាំងនោះ សំរាប់អោយនាវាដឹកប្រេងកាតឆៅមួយទៀត ដឹកយកទៅរោងចក្រចំរាញ់ប្រេងកាតឆៅនៅកន្លែងផ្សេងទៀត។
យ៉ាងណាម៉ិញ នាវាចំរាញ់ប្រេងកាតឆៅ Ingenium II នេះត្រូវបានធ្វើការជួសជុលកែលំអនៅក្នុងកំពង់ផែ Benoi របស់ក្រុមហ៊ុន Keppel Shipyard នៃប្រទេសសិង្ហបុរី តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៨ មកម្លេះ។ ជាលទ្ធផល នាវាផលិតប្រេងកាតឆៅមួយនេះ នឹងត្រូវដាក់អោយដំណើរការនៅដើមខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ៕