We TV Cambodia

ក្រុមហ៊ុន Google បានលុបកម្មវិធីទាំង ១៧ ដែលមានមេរោគ Joker

ក្រុមហ៊ុន Google បានលុបកម្មវិធីទាំង ១៧ ដែលមានមេរោគ Joker
សម្រួលអត្ថបទដោយ៖ រដ្ឋ​ ស្រីពេជ្រ
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានលុបចោលកម្មវិធីចំនួន១៧ ដែលមានមេរោគ Joker បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Zscaler។ កម្មវិធីទាំង១៧នេះ ត្រូវបានដាក់ឱ្យទាញយកក្នុង Play Store កាលពីដើមខែកន្លងមកនេះ និងមានការទាញយកប្រមាណ ១២០,០០០ដង រួចមកហើយដែរ។
បើតាមរយៈប្រភពខាងលើ បានឱ្យដឹងថា នេះជាលើកទី៣ហើយក្នុងឆ្នាំនេះ ដែលក្រុមហ៊ុន Google បានលុបចោលកម្មវិធីដែលមានមេរោគប្រភេទនេះចេញពី Play Store។ បញ្ហាដែលធ្វើឱ្យក្រុមហ៊ុនពិបាកនឹងរកឃើញមេរោគនេះដោយសារតែជនខិលខូច មានការច្នៃប្រតិដ្ជជាមួយកម្មវិធីមេរោគរបស់ពួកគេ។
បន្ថែមពីនេះ ពួកគេបានធ្វើការចម្លងកម្មវិធីពីកម្មវិធីផ្សេងៗទៀតដែលមានដំណើរការធម្មតា ហើយដាក់បញ្ចូលទៅក្នុងកម្មវិធី Play Store ដើម្បីឱ្យអ្នកប្រើប្រាស់ទាញយក។ ក្រោយពីលោកអ្នកប្រើបានមួយរយៈក្រោយមក ពួកគេក៏ចាប់ផ្ដើមបញ្ចូលមេរោគទៅក្នុងកម្មវិធីនោះតាមរយៈការបញ្ចូលមុខងារផ្សេងៗទៀតទៅក្នុងកម្មវិធី។
យ៉ាងណាមិញ ទោះបីជាក្រុមហ៊ុន Google បានលុបចោលកម្មវិធីទាំង១៧នេះពីក្នុង Play Store ក្ដី ក៏កម្មវិធីទាំងនេះមិនត្រូវបានលុបចោលពីក្នុងទូរសព្ទរបស់លោកអ្នកនៅឡើយទេ។
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Related Articles