សៀមរាប៖ ក្រុមហ៊ុន Futureworld ដែលទទួលសិទ្ធិចែកចាយ និងសេវាកម្មផ្សេងពីទីផ្សារផលិតផល Apple ក្នុងប្រទេសកម្ពុជា បានប្រកាសបិទសាខាខេត្ដសៀមរាប ត្រឹមថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើង ដោយការប្រកាសជាសាធាណៈផ្ទាល់លើបណ្ដាញ ហ្វេសប៊ុក ផ្លូវការរបស់ក្រុមហ៊ុន។
ក្នុងសេចក្ដីប្រកាស Futureworld មិនបានបង្ហាញពីមូលហេតុច្បាស់លាស់ដែល ជម្រុញឲ្យមានការ បិទ សាខានោះទេ ប៉ុន្ដែត្រឹមតែជាការលើកឡើង យ៉ាងខ្លីថា ក្រុមហ៊ុនបានធ្វើការវាយតម្លៃប្រាក់ចំណូល ជាបន្ដ បន្ទាប់ និងការសម្លឹងមើលឃើញនូវសក្ដានុពលទីផ្សារនាពេលអនាគត នៅប្រទេសកម្ពុជា ទើបធ្វើឲ្យក្រុមហ៊ុន បង្ខំចិត្ដត្រូវបិទសាខានេះ។
ក្រុមហ៊ុន Futureworld គឺជាក្រុមហ៊ុនសមាជិកមួយនៃបណ្តាក្រុមហ៊ុន Thakral Group ជាអ្នកឯកទេសក្នុងបណ្តាញលក់រាយផលិតផល Apple នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនមិនត្រឹមតែទទួលសិទ្ធិចែកចាយផលិតផល Apple នោះទេ ថែមទាំងមានសមត្ថភាពលើសេវាជួសជុលផងដែរ។ Futureworld គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលមានហាងលក់ផលិតផល Apple ទូទាំងទ្វីបអាស៊ីដែលមានចំនួនសរុបដល់ទៅ ៣៥ទីតាំង ក្នុងបណ្តាប្រទេសចំនួន១០ រួមមាន ហុងកុង វៀតណាម ឥណ្ឌា ម៉ាឡេស៊ី នេប៉ាល់ ហ្វីលីពីន បង់ក្លាដេស ស្រីលង្កា មីយ៉ាន់ម៉ា និងកម្ពុជា។
Futureworld បានដំណើរការនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០៨មកម្ល៉េះ នៅក្នុងទឹកដីខេត្ដសៀមរាប ក្រោយមកទៀត ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន ក៏បើកសម្ភោធន៍ដំណើរការសាខាថ្មីមួយទៀតនៅភ្នំពេញ នៅអគារពាណិជ្ជកម្ម វឌ្ឈនៈភ្នំពេញ។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្រៅស្រុក និង ក្នុងស្រុក
