
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុននៅកម្ពុជាដ៏ធំមួយ មានឈ្មោះថា Chip Mong បានសំរេចទិញយកទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន Grand Phnom Penh ។ ហើយការផ្ទេរសិទ្ធិកាន់កាប់ក្រុមហ៊ុន Grand Phnom Penh ទៅអោយក្រុមហ៊ុន Chip Mong មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ តទៅ។
យោងតាមកាសែតក្នុងស្រុក ក្រុមហ៊ុន Chip Mong ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនមួយ មានបទពិសោធន៍ និងទទួលបានជោគជ័យជាច្រើន ក្នុងការអភិវឌ្ឍគំរោងលំនៅស្ថានក្នុងរាជធានីភ្នំពេញ។
លើសពីនេះទៀត សំណង់របស់ក្រមហ៊ុន Chip Mong ត្រូវបានអតិថិជនទទួលស្គាល់ថាមានគុណភាពល្អ និងមានរចនាបថតាមស្តង់ដារទាន់សម័យ ដែលប្រកបដោយផាសុខភាព។ ជាលទ្ធផល សំណង់របស់ក្រុមហ៊ុនេះ ត្រូវបានអតិថិជនជឿទុកចិត្ត។
ដោយឡែក បុរី Grand Phnom Penh International City របស់ក្រុមហ៊ុន Grand Phnom Penh ត្រូវបានសង់ឡើងនៅលើផ្ទៃដីមានទំហំ ២៦០ ហិកតា ស្ថិតក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហើយនៅពេលបច្ចុប្បន្ននេះ បុរី Grand Phnom Penh International City ជាសំណង់លំនៅដ្ឋានដ៏ធំជាងគេ និងដ៏ប្រណិតមួយនៅក្នុងប្រទេសកម្ពុជា៕
