ប៉ុន្មានថ្ងៃកន្លងមកនេះ ពិភពលោក ពិសេសប្រទេសអង់គ្លេសកំពុងមានភាពច្របូកច្របល់ខ្លាំងជាមួយនឹងការផ្ទុះកូវីដ១៩ ប្រភេទថ្មី ដោយសារតែមានដំណឹងថា មេរោគកូវីដ១៩ ប្រភេទថ្មីនេះ មានសមត្ថភាព្នុងការឆ្លងខ្លាំងជាងមេរោគកូវីដ១៩ ប្រភេទចាស់។
ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រឆាំងមេរោគកូវីដ១៩ ប្រភេទថ្មីនេះ។
ជាមួយគ្នានេះ មានក្រុមហ៊ុនជាច្រើនក៏បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសាកល្បងវ៉ាក់សាំងការពារកូវីដ១៩ របស់ពួកគេ ដើម្បីប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរូណាប្រភេទថ្មីដែលកំពុងរាតត្បាតនៅចក្រភពអង់គ្លេស។
សូមជម្រាបថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ត្រូវបានគេចាត់ទុកថាសំខាន់ណាស់សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបនិងប្រទេសដែលមានអាកាសធាតុក្តៅព្រោះវាមានតម្លៃថោកងាយស្រួលដឹកជញ្ជូននិងអាចរក្សាទុកបានយូរនៅក្នុងសីតុណ្ហភាពរបស់ទូទឹកកកធម្មតា។
អត្ថបទដោយ៖ Nevin
