
បុគ្គលិកធ្វើការក្នុងឃ្លាំងនៅក្រុមហ៊ុន Amazon បានធ្វើតេស្តវិជ្ជមានចំពោះមេរោគ COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី The Atlantic។ នេះជាករណីទី១ហើយសម្រាប់ក្រុមហ៊ុន Amazon ក្នុងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រុមហ៊ុន Amazon បានប្រាប់ថា «ឥឡូវនេះយើងកំពុងរៀបចំអ្នកដែលឆ្លងមេរោគនេះឲ្យនៅដាច់ពីគេ»។
យោងតាមគេហទំព័រ BuzzFeed កម្មករក្នុងក្រុមហ៊ុន Amazon នៅសហរដ្ឋអាមេរិក មានការព្រួយបារម្ភរួចទៅហើយអំពីហានិភ័យរបស់ពួកគេក្នុងការឆ្លងវីរុសនេះនៅកន្លែងធ្វើការ បន្ទាប់ពីកម្មករឃ្លាំងនៅអឺរ៉ុបបានធ្វើតេស្តវិជ្ជមាន។ BuzzFeed បានបន្ថែមថាកម្មករនៅក្នុងឃ្លាំងទាំងនេះមានទំនោរឈរជិតគ្នា។
ក្រុមហ៊ុន Amazon បានមើលឃើញពីការកើនឡើងនូវតម្រូវការគួរអោយកត់សំគាល់ នៅពេលដែលមេរោគឆ្លងរាលដាលហើយមនុស្សស្នាក់នៅផ្ទះ និងហាងលក់គ្រឿងទេសជាច្រើនត្រូវបានបិទ។ តាមពិតក្រុមហ៊ុននេះកំពុងស្វែងរកជួលឃ្លាំង និងអ្នកដឹកជញ្ជូនដល់ទៅ ១០០.០០០នាក់បន្ថែមទៀតដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងខ្លាំង។

លើសពីនេះទៀត ក្រុមហ៊ុនក៏កំពុងផ្អាកការដឹកជញ្ជូនរាល់ផលិតផលដែលមិនចាំបាច់ទៅឃ្លាំងរបស់ខ្លួនផងដែរ ដែលនេះគឺដើម្បីផ្ដោតទៅលើការដឹកជញ្ជូនផលិតផលដែលចាំបាច់សម្រាប់ការប្រើប្រាស់ជាមុនសិន។ ក្រុមហ៊ុន Amazon នឹងផ្តោតលើការដឹកជញ្ជូនថ្នាំពេទ្យ របរប្រើប្រាស់ក្នុងផ្ទះ និងផលិតផលដែលមានតម្រូវការខ្ពស់ទៅកាន់ឃ្លាំងរបស់ខ្លួនរហូតដល់ថ្ងៃទី៥ ខែមេសា។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
