We TV Cambodia

ក្រុមហ៊ុន​ Yamato Green នឹងក្លាយជាដៃគូរសហការកម្ពុជា បន្ទាប់ពីការចុះហត្ថលេខាស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

ក្រុមហ៊ុន​ Yamato Green នឹងក្លាយជាដៃគូរសហការកម្ពុជា បន្ទាប់ពីការចុះហត្ថលេខាស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នាទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) ក្នុងពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក នីឈីកាហ្សេ តោរុ (Nishikaze Toru) ប្រធានអង្គការ JICA លោកស្រី ម៉ារីសា ហារូតា

(Marisa Haruta) ប្រធានអង្គការ JETRO លោក កាន់ដា យ៉ូហ្គូ (Kanda Yogo) ប្រធានសមាគម JBAC លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន ទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មទទួលបន្ទុកជំរុញនិងតាមដានការអនុវត្តគម្រោងAIMS និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក ឧកញ៉ា លោក-លោកស្រី នាង

កញ្ញា ភ្ញៀវកិត្តិយសជាច្រើនរូប។ យ៉ាងណាមិញ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីប៉ាន សូស័រក្ដិ សង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន។ «ក្រុមហ៊ុន សហគ្រាសធុនតូចនិងមធ្យម និងក្រុមកសិករផលិតនឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារ ឱ្យមានវិសាលភាពទូលំទូលាយ។» ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់។

សូមជម្រាបផងដែរថា Yamato Green ជាបុត្រសម្ព័ន្ធក្រុមហ៊ុនជំនួញជប៉ុនធំៗ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្សារទំនើប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាដៃគូចំនួន ១៦ក្រុមហ៊ុន។

អត្ថបទដោយ៖​ ពិសី

 

Related Articles