
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនអចលនទ្រព្យស្តង់ដារអន្តរជាតិ Keller Williams ហៅកាត់ថា KW Cambodia គ្រោងនឹងបង្កើតសាខាអោយបានចំនួន ១០០ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតការងារអោយបាន ៧,០០០ កន្លែងសំរាប់អ្នកមានជំនាញអចលនទ្រព្យក្នុងប្រទេសកម្ពុជា ក្នុងរយពេល ១០ ឆ្នាំខាងមុខនេះ។
លោកបណ្ឌិត គឹម ហ៊ាង ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន KW Cambodia បានថ្លែងអោយដឹងថា ទិសដៅដ៏សំខាន់របស់ក្រុមហ៊ុ់នរបស់លោក គឹធ្វើយ៉ាងណាឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងវិស័យអចលនទ្រព្យ ដែលកាន់តែកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ហើយដែលទាមទារអោយក្រុមហ៊ុនរបស់លោក ប្រមូលផ្តុំអ្នកជំនាញអចលនទ្រព្យទាំងឡាយ មកធ្វើការបំរើអតិថិជននៅក្នុងវិស័យនេះ។
នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន KW Cambodia បានបង្កើតសាខាធំៗបានចំនួន ៩ សាខា និងសាខាតូចៗបានចំនួន ៥ សាខាទៀត នៅក្នុងខណ្ឌចំនួន ៦ គឺ ខណ្ជទួលគោក ជ្រោយចង្វារ ឬស្សីកែវ សែនសុខ ដង្កោ និង ខណ្ជពោធិសែនជ័យ។
លើសពីនេះទៀត នៅតាមខេត្ត ក្រុមហ៊ុនក៏បានបង្កើតសាខាធំៗចំនួន ៣ នៅក្នុងខេត្តបាត់ដំបង សៀមរាប និង ខេត្តកំពង់ស្ពឺ និងសាខាតូចៗចំនួន ៥ នៅក្នុងក្រុងបាវិត ក្រុងតាខ្មៅ ក្រុងកៀនស្វាយ ក្រុងប៉ោយប៉ែត និង ក្រុងកំពត៕
