We TV Cambodia

ក្រុមហ៊ុន​ Chip Mong គ្រោង​សង់ផ្សារ​ទំនើបមួយ​ទៀត​ ក្នុង​ខណ្ឌ​សែនសុខ

ក្រុមហ៊ុន​ Chip Mong គ្រោង​សង់ផ្សារ​ទំនើបមួយ​ទៀត​ ក្នុង​ខណ្ឌ​សែនសុខ
របភាពៈ ក្រុមហ៊ុន Chip Mong

ដោយៈ ទិន សុខាវុធ

គំរោង​សាងសង់ផ្សារ​ទំនើប​មួយ​ទៀត​របស់​ក្រុមហ៊ុន Chip Mong ស្ថិត​ក្នុង​ខ័ណ្ឌ​សែនសុខ ក្រោម​ទុនវិនិយោគ​ប្រមាណ $41.5 លានដុល្លារ បង្កើត​ការងារ​បាន​ចំនួន ៣៣៨ កន្លែង ត្រូវបានទទួលការយល់ព្រមពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ជា​ស្ថាប័ន​មួយ​របស់​រាជ​រដ្ឋាភិបាល​រួច​ហើយ​​​។

«CHIP MONG RETAIL CO., LTD គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $41.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៨ កន្លែង» នេះ​ជា​សំណេររបស់​ CDC នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ចុះ​ផ្សាយ​នៅ​លើ​ទំព័រ Facebook កាល​ពី​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ​។

ការសំរេច​ចិត្ត​បោះទុនវិនិយោគ​សាងសង់​ផ្សារ​ទំនើប ​ «CHIP MONG SENSOK MALL» នេះ ត្រូវ​បាន​ធ្វើឡើង បន្ទាប់​ក្រុមហ៊ុន Chip Mong បានសង់​រួច​រាល់​​និង​​សម្ពោធ​ផ្សារ​ទំនើប​មួយ​រួច​ទៅ​ហើយ​កាល​ពីសប្តាហ៍​មុន​ គឺផ្សារ​ទំនើប​ «CHIP MONG MONORAIL» ។

ផ្សារ​ទំនើប​ CHIP MONG MONORAIL ត្រូវបានសង់​ឡើង​នៅ​តាម​បណ្តោយ​ដង​វិថី ព្រះ​នរោត្តម ចន្លោះ​ផ្លូវ ៣៦០ និង​ផ្លូវ ៣៧០ ។ យោង​តាម​ក្រុមហ៊ុន Chip Mong ផ្សារ​ទំនើប​នោះ​​មានផ្ទៃក្រឡា ១៧,៩០០ ម៉ែត្រ​ការ៉េ និង​មាន​កំពស់ ៥ ជាន់ ដែលនៅ​ក្នុង​នោះ​ មាន​ផ្ទៃ​ក្រឡាសំរាប់ជួល​ប្រមាណ ៧,៥០០ ម៉ែត្រ​ការ៉េ​ ចែកចេញ​ជា ភោជនីយដ្ឋាន រោង​ភាពយន្ត កន្លែង​​លក់​​ត្រីសាច់​និង​បន្លែ និង​ ហាងលក់​រាយ​ជា​ច្រើនទៀត​។

យ៉ាងណាម៉ិញ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Chip Mong បាន​បោះទុនវិនិយោគ​លើ​គំរោង​ជា​ច្រើន​ គិតជា​ទឹកប្រាក់​មានចំនួន​សរុប $300 លាន​ដុល្លារ​។ គំរោង​វិនិយោគ​ទាំងនោះ​ ភាគច្រើន​គឺ​ជា​កាវវិនិយោគ​បង្កើត​ផ្សារ​ទំនើបខ្នាតតូច, ​ខ្នាតធំ​, ​ខ្នាត​យក្ស, និង​មជ្ឍមណ្ឌលពាណិជ្ជកម្ម​៕

Related Articles