We TV Cambodia

ក្រុមហ៊ុន​ផ្សារ​ទំនើប​​ថៃ​ Big C គ្រោង​ពង្រីក​សាខា​ជា​ច្រើន​នៅ​ក្រុង​ភ្នំពេញ និង ក្រុង​សៀមរាប

ក្រុមហ៊ុន​ផ្សារ​ទំនើប​​ថៃ​ Big C គ្រោង​ពង្រីក​សាខា​ជា​ច្រើន​នៅ​ក្រុង​ភ្នំពេញ និង ក្រុង​សៀមរាប

ដោយៈ ទិន សុខាវុធ

ក្រុមហ៊ុន​ផ្សារ​ទំនើប Big C ដែល​មាន​មូលដ្ឋាន​នៅ​​ប្រទេស​ថៃ គ្រោង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ $215.6 លាន​ដុល្លារ​​បើ​ក​សាខា​របស់​ខ្លួន​​ចំនួន​ពី​ ៥ ទៅ​ ៦ កន្លែង​ទៀត នៅ​ក្នុង​​ក្រុង​ភ្នំពេញ​និង​ក្រុង​សៀមរាប នៅ​ក្នុង​រយៈពេល​ ២ ឆ្នាំ ខាង​មុខ​នេះ​​។

យោង​តាម​​លោក Gary Hardy ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ផ្សារ​ទំនើប​មួយ​នេះ គំរោង​ពង្រីក​សាខា​របស់​ក្រុមហ៊ុន​របស់​លោក នឹង​អាច​បង្កើត​ការងារ​បាន​ចំនួន ១,២០០ កន្លែង សំរាប់​ប្រជា​ពលរដ្ឋ​កម្ពុជា នៅ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាង​មុខ​នេះ​។

លោក Gary Hardy បាន​អោយ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ផ្សារ​ទំនើប​​របស់​លោក​បាន​សង់​សាខា​មួយ​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ដោយ​ចំណាយ​ទុន​វិនិយោគ​​ប្រមាណ $10 លាន​ដុល្លារ​។

បើ​តាម​លោក Gary Hardy នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ ផ្សារ​ទំនើប​ Big C Supercenter ធំ​ៗ​​ចំនួន ១៥៣ ផ្សារ​ទំនើប​ Big C ធុន​តូច​ចំនួន ៦៣ និង​ផ្សារ​ទំនើប​ធុន​តូច Big Mini C ចំនួន ១,០១៨ បាននិង​កំពុង​តែ​ដំណើរការ​​នៅ​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​ផ្សេង​ៗ​ទៀត​។

មួយវិញទៀត ជាសរុប ផ្សារ​ទំនើប Big C ប្រមូល​ចំណូល​បានប្រមាណ ១៤០,០០០ លាន​បាត​នៅ​ក្នុង​ឆ្នាំ ២០១៨ ។ ហើយ​នៅ​ក្នុង​​ឆ្នាំ ២០១៩ នេះ ​ផ្សារ​ទំនើប​ Big C ​រពឹង​ថា​នឹង​អាច​ប្រមូល​ចំណូល​បាន​ ៥% ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​៕

Related Articles