ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនចំនួន ៨ ត្រូវបានចុះបញ្ជីជាមួយនឹងទីផ្សារភាគហ៊ុនកម្ពុជា ដែលមានឈ្មោះជាផ្លូវការថា «ផ្សារមូលបត្រកម្ពុជា» (CSX) ដែលនៅក្នុងនោះ ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជឺលក់ភាគហ៊ុន (share) ចំណែកឯក្រុមហ៊ុនចំនួន ៣ ទៀតបានចុះបញ្ជីលក់សញ្ញាបណ្ណ (bond) កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ។ ជាលទ្ធផល ក្រុមហ៊ុនទាំង ៨ នោះបានប្រមូលភាគហ៊ុនឬសញ្ញាបណ្ណសរុបបានប្រមាណជាជាង $160 លានដុល្លារ។
លោក ហុង សុខហូរ អគ្គនាយកនៃទីផ្សារមូលបត្រកម្ពុជា បានថ្លែងអោយដឹងថា នៅក្នុងឆ្នាំ ២០១៩ ចំនួនវិនិយោគិនបានកើនឡើងជាង ២០,០០០ នាក់ ហើយបណ្តាអ្នកវិនិយោគដទៃទៀត ក៏កំពុងតែចាប់អារម្មណ៍នឹងទីផ្សារភាគហ៊ុនកម្ពុជានេះដែរ។ កត្តានេះនឹងធ្វើអោយចំនួនអ្នកវិនិយោគិនកាន់តែកើនច្រើនឡើងថែមទៀតនៅក្នុងឆ្នាំ ២០២០ នេះ។
ឯចំណែកលោក Ha Jong Weon ជនជាតិកូរ៉េខាងត្បូង ដែលជាអគ្គនាយករងនៃទីផ្សារមូលបត្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលដើរតួនាទីដ៏សំខាន់ក្នុងការធ្វើអោយទីផ្សារមូលបត្រកម្ពុជា កាន់តែមានការរីកចំរើនឡើងថែមទៀត ដោយការជួយលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការបង្កើតមុខរបរថ្មីៗនិងឬពង្រីកមុខរបររបស់ពួកគេ។
យោងតាមទិន្នន័យរបស់អាជ្ញាធរផ្សារមូលបត្រកម្ពុជា ទំហំទឹកប្រាក់នៃការជួញដូរភាគហ៊ុននៅក្នុងឆ្នាំ ២០១៩ មានចំនួនប្រមាណ $170,000 ដុល្លារអាមេរិកក្នុងមួយថ្ងៃ បើធៀបទៅនឹងឆ្នាំ ២០១៨ ទំហំទឹកប្រាក់នៃការជួញដូរនេះ មានត្រឹមតែប្រមាណជា $20,000 ដុល្លារតែប៉ុណ្ណោះក្នុងមួយថ្ងៃ៕