
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនរដ្ឋរបស់ប្រទេសកូរ៉េខាងជើងដែលបានសាកល្បងធ្វើជំនួញនៅកម្ពុជា មានដូចជាភោជនីយដ្ឋានជាដើម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបញ្ជាអោយបិទទ្វារ ក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ។
យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស UPI ការបិទក្រុមហ៊ុនរដ្ឋកូរ៉េខាងជើងនៅកម្ពុជានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Kil Song ។
ទាក់ទងនឹងបញ្ហានេះ កាលពីខែកញ្ញាកន្លងទៅ ជាការឆ្លើយតបទៅនឹងការសាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀតរបស់កូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិបានចេញសេចក្តីសំរេចចិត្តមួយ តំរូវអោយប្រទេសជាសមាជិកទាំងអស់ ចូលរួមដាក់ទណ្ឌកម្មដល់ប្រទេសកូរ៉េខាងជើង ដោយអោយបិទក្រុមហ៊ុននិងភោជនីយដ្ឋានទាំងឡាយរបស់ប្រទេសនេះ នៅតាមបណ្តាប្រទេសនានា ព្រោះវាជាប្រភពចំណូលមូយសំរាប់អោយរដ្ឋាភិបាលកូរ៉េខាងជើងអាចផលិតអាវុធនុយក្លេអ៊ែបាន។
បើតាមប្រភពព័ត៌មានពីបរទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបរបស់ប្រទេសកូរ៉េខាងជើង បានបើកភោជនីយដ្ឋានបានប្រមាណជា ១០០ នៅតាមបណ្តាប្រទេសនានាក្នងទ្វីបអាស៊ី រូមទាំងនៅប្រទេសកម្ពុជាផងដែរ៕
