We TV Cambodia

ក្រុមហ៊ុនអាកាសចរណ៍ Air Asia ចង់បង្កើតក្រុមហ៊ុននៅកម្ពុជា ឲបានក្នុងឆ្នាំ២០២០

ក្រុមហ៊ុនអាកាសចរណ៍ Air Asia ចង់បង្កើតក្រុមហ៊ុននៅកម្ពុជា ឲបានក្នុងឆ្នាំ២០២០

ដើម្បីបង្ហាញនូវចំណាប់អារម្មណ៍ ចង់បង្កើតនូវសករាជថ្មី ដើម្បីធ្វើយ៉ាងណាអោយប្រទេសកម្ពុជាក្លាយជាដៃគូយុទ្ធសាស្ត្រមួយផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍​Air Asiaបានក្លាយទៅជាក្រុមហ៊ុនដែលមានគោលដៅហោះហើរច្រើនជាងគេក្នុងតំបន់អាស៊ាន និងមានគោលដៅហោះទៅប្រទេសមួយចំនួនក្នុងអាស៊ីអាគ្នេយ៍។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានិយាយថា ប្រធានក្រុមហ៊ុន Air Asia ការចាប់អារម្មណ៍ចង់បង្កើតក្រុមហ៊ុននៅកម្ពុជានេះ ដោយសារតែមើលឃើញពីសក្តានុពលរបស់កម្ពុជា ដែលអាចឲ្យក្រុមហ៊ុន ធ្វើការប្រកួតប្រជែងទីផ្សារបាន។

ទន្ទឹមនឹងនេះ លោក Bo Lingam បានលើកឡើងថា ដោយមើលឃើញពីវិស័យអាកាសចរណ៍ កាន់តែរីកចម្រើនជាលំដាប់ និងភ្ញៀវទេសចរមានកំណើនឱ្យកត់សំគាល់ ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍សំបុត្រថោក (Low Cost Carrier -LCC) មានយន្តហោះច្រើនជាងគេបំផុតនៅអាស៊ី និងហោះទៅកាន់គោលដៅចំនួន១៦៥ ជុំវិញពិភពលោក ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia។

លោកប្រធានក្រុមហ៊ុន ក៏បានស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ដើម្បីអាចក្រុមហ៊ុនបានទទួលជោគជ័យ ក្នុងការបង្កើតក្រុមហ៊ុននៅកម្ពុជា ឲ្យបានក្នុងឆ្នាំ២០២០នេះ ដែលនឹងជួយបង្កើតការងារជូនពលរដ្ឋខ្មែរ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបន្តថា ជាការឆ្លើយតបនាយឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្វាគមន៍នូវបំណងរបស់ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍សំបុត្រថោក ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia ព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ៣ ផ្នែកបរិយាកាសវិនិយោគនៅអាស៊ី សម្រាប់ការវិនិយោគបរទេស។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានណែនាំឱ្យក្រុមហ៊ុន Air Asia ធ្វើការជាមួយមន្ត្រីជំនាញរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងស្នើសុំគោលការណ៍អនុញ្ញាតិ ទៅប្រមុខរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខ។

អ្នកនាំពាក្យអាកាសចរស៊ីវិលបានបញ្ជាក់ថា តាមបំណងរបស់ក្រុមហ៊ុន Air Asia ចង់បង្កើតក្រុមហ៊ុននៅកម្ពុជា ឲ្យបាននៅចុងឆ្នាំ២០២០នេះ ហើយលោកជឿជាក់ថា បើក្រុមហ៊ុននេះមានឆន្ទៈពិតប្រាកដនោះ គឺពិតជាអាចសម្រេចបានតាមគោលដៅ ដោយត្រូវការពេលប្រហែលជាពី៦-៨ខែ ព្រោះតែក្រុមហ៊ុននេះមានបទពិសោធន៍ខ្ពស់៕​

ខ្លឹមសារ និងរូបភាព​​​ ផេក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ដោយ៖ ឧត្ដម

Related Articles