We TV Cambodia

ក្រុមហ៊ុនអាកាសចរណ៍យក្ស Thai Airway ត្រូវបានគណៈរដ្ឋមន្ត្រីថៃប្រកាសក្ស័យធនហើយ

ក្រុមហ៊ុនអាកាសចរណ៍យក្ស Thai Airway ត្រូវបានគណៈរដ្ឋមន្ត្រីថៃប្រកាសក្ស័យធនហើយ
ក្រុមហ៊ុនអាកាសចរណ៍ Thai Airway (ប្រភព៖ Google)

ក្រុមហ៊ុនអាកាសចរណ៍យក្ស Thai Airway ត្រូវបានគណៈរដ្ឋមន្ត្រីថៃយល់ព្រមប្រកាសក្ស័យធនហើយកាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ម្សិលមិញនេះ ដោយធ្វើឡើងតាមរយៈតុលាការ ដើម្បីឲ្យមានការស្ដារ​នីតិសម្បទាឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post ។

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចារ បានស្នើរឲ្យគណៈរដ្ឋមន្ត្រីថៃធ្វើការសម្រេចឈប់ផ្ដល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន Thai Airways ដោយបានលើកឡើងថា យើងគួរតែទុកថវិការសម្រាប់ផ្ដល់ជំនួយដល់គម្រោងដែលចាំបាច់ក្នុងការដោះស្រាយបញ្ហាដែលបង្ករដោយ COVID-19 និងដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើងវិញ។

លោក prayuth chan-ocha នាយករដ្ឋមន្ត្រីថៃ (ប្រភព៖ Google)

លោកប្រាយុទ្ធ បានបន្ថែមថា «ខ្ញុំបានធ្វើការសម្រេចចិត្តដ៏លំបាកមួយ ទាក់ទងទៅនឹងបញ្ហាក្រុមហ៊ុនអាកាសចរណ៍ Thai Airway ប៉ុន្តែការសម្រេចនេះ ខ្ញុំគិតថា វាគឺជា​ផលប្រយោជន៍ធំធេង​សម្រាប់​សាធារណជន និង​ប្រទេសជាតិ​របស់យើង។ មួយវិញទៀត រដ្ឋាភិបាលគួរតែប្រយ័ត្នចំពោះការចំណាយដ៏ច្រើនសម្បើមទៅលើការជួយក្រុមហ៊ុននេះ ព្រោះថវិការសម្រាប់ជួយក្រុមហ៊ុនមួយនេះ វាជាចំណុចស្លាប់រស់របស់ប្រចាជនថៃទាំងមូល ហើយវាអាចនឹងមានភាពល្អប្រសើរ បើយើងយកថវិកានេះទៅចំណាយលើអ្នករងផលប៉ះពាល់ដោយសារ COVID-19 វិញ។

លោក Charamporn Jotikasthira នាយកប្រតិបត្តិក្រុមហ៊ុន Thai Airway (ប្រភព៖ Google)

បើតាមក្រសួងដឹកជញ្ជូនថៃបានឲ្យដឹងថា ពាក្យបណ្ដឹង​ក្ស័យធន ដើម្បី​ឲ្យ​មានការ​ស្ដារនីតិសម្បទា​ឡើងវិញនេះ នឹងត្រូវដាក់ទៅកាន់តុលាការ​ថៃផង និងសហរដ្ឋ​អាមេរិកផង ដោយសារតែ ម្ចាស់បំណុលប្រមាណ៣០% របស់ក្រុមហ៊ុន Thai Airways គឺនៅសហរដ្ឋអាមេរិក ខណៈដែលម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុននេះគឺ ក្រសួងហិរញ្ញវត្ថុថៃ។

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ការិយាល័យ​គោល​នយោបាយ​សហគ្រាសរដ្ឋ នឹងកាត់បន្ថយ​ចំណែកភាគហ៊ុន​របស់​ក្រសួង​ហិរញ្ញវត្ថុថៃ ​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ពី​ ៥១,០៣% នាពេល​បច្ចុប្បន្ន មកនៅក្រោម៥០%វិញ ដែលវានឹងធ្វើឲ្យក្រុមហ៊ុននេះលែងមានឈ្មោះជាសហគ្រាសរដ្ឋតទៅទៀតហើយ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles