We TV Cambodia

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៨ ក្នុងប្រទេសថៃកំពុងស្វែងរកប្រាក់កម្ចីទាបពីរដ្ឋាភិបាល

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៨ ក្នុងប្រទេសថៃកំពុងស្វែងរកប្រាក់កម្ចីទាបពីរដ្ឋាភិបាល
លោក prayuth chan-ocha នាយករដ្ឋមន្ត្រីថៃ (ប្រភព៖ Google)

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនៃប្រទេសថៃចំនួន៨ បានជួបបញ្ហាធ្ងន់ធ្ងរដោយសារតែពួកគេគោរពតាមសំណើរបស់រាជរដ្ឋាភិបាល ដោយមិនបញ្ឈប់បុគ្គលិកប្រមាណ ៣ម៉ឺន ទៅ ៥ម៉ឺននាក់ ហើយក្រុមហ៊ុនទាំងនោះកំពុងតែស្វែងរកប្រាក់កម្ចី ដែលមានការប្រាក់ទាបពីរដ្ឋាភិបាល ដើម្បីបន្តដង្ហើមអាជីវកម្មរបស់ពួកគេ។

 

លោក Tassapon Bijleveld ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Thai AirAsia បាន​និយាយថា ក្នុងនាម​លោក​ជាតំណាង​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​៨ ​នឹងជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុលោក Uttama Savanayana ដើម្បីពិភាក្សា​អំពី​ប្រាក់កម្ចី​ការប្រាក់ទាបនេះ ហើយនៅថ្ងៃទី២២ ខែមេសាស្អែកនេះយើងនឹង​មាន​កិច្ចប្រជុំមួយទាក់ទង​នឹង​ប្រតិបត្តិការ​អនាគត​របស់​អាជីវកម្ម»។

លោក Tassapon Bijleveld (ប្រភព៖ Google)

សូមបន្ថែមថា  ក្រុមហ៊ុន​អាកាសចរណ៍ទាំង៨ នោះរួមមាន ក្រុមហ៊ុន​ Bangkok Airways, Thai AirAsia, Thai AirAsia X, Thai Lion Air, Thai Vietjet Air, Thai Smile, Nok Air, និង ក្រុមហ៊ុន NokScoot។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​៨នោះ បាន​​ដាក់លិខិត​ទៅកាន់​ក្រសួងហិរញ្ញវត្ថុថៃ​រួចហើយ ដោយបាន​ស្នើសុំ​ប្រាក់កម្ចី​ការប្រាក់ទាបប្រមាណ ៧៤០លាន​ដុល្លារអាមេរិក។

អាកាសយាន្តដ្ឋានសុវណ្ណាភូមិប្រទេសថៃកំលុងពេលរីករាលដាល COVID-19 (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ងាកាសចរណ៍មួយចំនួនបាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​​ហិរញ្ញវត្ថុ​​ ដើម្បី​ចំណាយ​លើ​ការសង​សំណង​ទៅកាន់​បុគ្គលិក​តាម​ច្បាប់ដែលបានកំណត់។ ប៉ុន្តែចាប់ពីថ្ងៃទី០១ ខែឧសភា​ នេះតទៅ ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ឲ្យមាន​ការឈប់សម្រាក​ដោយមិនទទួលបាន​ប្រាក់ឈ្នួល​ រួមទាំង​កម្មវិធី​អនុញ្ញាត​ឲ្យ​បុគ្គលិក​ឆាប់​ចូលនិវត្តន៍​ ដោយឈរលើ​មូលដ្ឋាន​ស្ម័គ្រចិត្ត ដើម្បី​កាត់បន្ថយ​ការចំណាយ​បន្ថែមផងដែរ»៕

អត្ថបទដោយ៖ Nevin

Related Articles