
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនអចលនទ្រព្យ Century 21 ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Century 21 នៅសហរដ្ឋអាមរិក បានប្រកាសថាក្រុមហ៊ុនរបស់ពួកគេ នឹងពង្រីកសាខាអោយបានដល់ចំនួន ៣៨ នៅទូទាំងប្រទេសកម្ពុជា នៅឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមទំព័រ Facebook របស់ក្រុមហ៊ុន Century 21 រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Century 21 នៅកម្ពុជា បានពង្រីកសាខាបានចំនួន ២៣ សាខាហើយ និងបានបង្កើតការងារបានចំនួន ៥០០ កន្លែងសំរាប់អ្នកមានជំនាញក្នុងវិស័យអចលនទ្រព្យ។
មួយវិញទៀត ក្នុងរយពេល ១១ ខែ ដើមឆ្នាំនេះ ក្រុមហ៊ុន Century 21 បានរកស៊ីលក់លំនៅដ្ឋានអោយក្រុមហ៊ុនសំណង់ផ្សេងៗទៀត បានចំនួន ៥៦៧ យូនីត ពោលគឺកើនលើសឆ្នាំមុនប្រមាណ ១៥ ភាគរយ។
ជាដំបូងឡើយ ក្រុមហ៊ុន Century21 ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧១ នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ ជារួម រហូតមកពេលសព្វថ្ងៃនេះ ក្រុមហ៊ុននេះបានពង្រីកសាខាបានចំនួន ៧,៤០០ នៅក្នុងប្រទេសចំនួន ៧៨ និងមានបុគ្គលិកបំរើការចំនួន ១១១,០០០ នាក់៕

