ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនសណ្ឋាគារ Wyndham ដ៏ល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិក មានគំរោងរួមសហការជាមួយនឹងក្រុមហ៊ុន Lixin Group សង់លំនៅដ្ឋានប្រភេទខុនដូទំនើបលំដាប់ផ្កាយប្រាំ នៅក្នុងខ័ណ្ឌ ៧ មករា រាជធានីភ្នំពេញ។
យោងតាមកាសែតក្នុងស្រុក នៅក្នុងពិធីចុះហត្ថលេខារួមសហការក្នុងគំរោងខាងលើនេះ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ នៅឯសណ្ឋាគារ Rosewood ក្នុងរាជធានីភ្នំពេញ លោក ជូន អូនអូ ប្រធានក្រុមហ៊ុន Wyndham Group Asia Pacific បានលើកឡើងថា កត្តាដែលធ្វើអោយលោកចង់បោះទុនវិនិយោគនៅកម្ពុជា ដោយលោកមើលឃើញពីស្ថេរភាពនយោបាយ សន្តិសុខសង្គម និងក្របខ័ណ្ឌច្បាប់ដ៏ល្អនៅកម្ពុជា ដែលជាកត្តាអនុគ្រោះដល់ការវិនិយោគបរទេស។
លោក ជូន អូនអូ បានបន្ថែមទៀតថា សំណង់ខុនដូលំដាប់ផ្កាយ ៥ របស់ក្រុមហ៊ុនរបស់លោក នឹងទទួលបានជោគជ័យ ដោយសារកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ក្រុមហ៊ុនសណ្ឋាគារ Wyndham របស់លោកនៅទូទាំងពិភពលោក។
ជាលទ្ធផល មកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកកំពុងប្រកបមុខរបរបើកសណ្ឋាគារជិត ៩,០០០ សណ្ឋាគារនៅក្នុងប្រទេសចំនួន ៨០ នៅទូទាំងពិភពលោក។ ហើយក្រុមហ៊ុនរបស់លោកត្រូវបានចុះបញ្ជីដោយភាពឯករាជ្យនៅទីក្រុង New York កាលពីឆ្នាំ ២០១៨ ។
នៅក្នុងពិធីនោះ ជាការឆ្លើយតប លោក លឹម សុភា អភិបាលខណ្ឌ ៧ មករា បានថ្លែងទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវការសំរេចចិត្តបោះទុនវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុន Wyndham ។ ហើយលោកក៏បានអះអាងថានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់គំរោងអភិវឌ្ឍន៍មួយនេះ ព្រោះវានឹងជួយបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ។
ចំណែកឯលោក ស៉ី មីងចាវ នាយកប្រតិបត្តិក្រុមហ៊ុន Lixin Group វិញ បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២២ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៣ នៅទីក្រុងភ្នំពេញ នឹងទាក់ទាញភ្ញៀវទេសចរណ៍និងធុរជនប្រមាណជា ១៥ លាននាក់។ ប្រការនេះនឹងធ្វើអោយតំរូវការសណ្ឋាគារនិងឬសំណង់ផ្កាយប្រាំនៅរាជធានីភ្នំពេញកើនឡើងខ្ពស់៕