We TV Cambodia

ក្រុមហ៊ុនយក្ស ២ទៀតសម្រេចរើទៅវៀតណាម ខណៈកម្ពុជាបានត្រឹមអង្គុយមើល

ក្រុមហ៊ុនយក្ស ២ទៀតសម្រេចរើទៅវៀតណាម ខណៈកម្ពុជាបានត្រឹមអង្គុយមើល

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានប្រែក្លាយជាមេដែកដ៏ធំក្នុងការស្រូបទាញក្រុមហ៊ុនយក្សជាច្រើនមកវិនិយោគក្នុងប្រទេសរបស់ខ្លួន ពិសេសបន្ទាប់ពីមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនតែម្ដង ដោយមានក្រុមហ៊ុនយក្សមិនក្រោម ១០នោះទេ ដែលសម្រេចរើចេញពីចិនរត់ទៅវៀតណាម ខណៈដែលកម្ពុជាយើងបានត្រឹមអង្គុយសម្លឹងមើលតែប៉ុណ្ណោះ។

ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិកដ៏ធំមួយក្នុងកោះតៃវ៉ាន់ និងបានផ្គត់ផ្គង់ឧបករណ៍ជាច្រើនដល់ក្រុមហ៊ុន Apple បានសម្រេចបោះទុនវិនិយោគប្រមាណ ២៧០លានដុល្លារទៅបង្កើតមូលដ្ឋានក្នុងប្រទេសវៀតណាម តបតាមសំណើររបស់ក្រុមហ៊ុន Apple ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនយក្ស Samsung និង Panasonic ក៏បានសម្រេចរើរោងចក្ររបស់ខ្លួនចេញពីប្រទេសចិន និងប្រទេសថៃ ហើយទៅបោះទីតាំងក្នុងប្រទេសវៀតណាមផងដែរ ដែលធ្វើឲ្យវៀតណាមក្លាយជាប្រទេសមួយប្រមូលផ្ដុំដោយរោងចក្រផលិតឧបករណ៍អេឡិកត្រូនិកធំ និងជាស្នូលនៃការអភិវឌ្ឍគ្រឿងបច្ចេកវិទ្យា។

ដោយឡែកចំពោះកម្ពុជា ដែលជាអ្នកជាប់របងជាមួយវៀតណាមឯណេះវិញ គឺបានត្រឹមតែអង្គុយសម្លឹងមើលក្រុមហ៊ុនទាំងនោះចុះចត និងបោះទីតាំងក្នុងប្រទេសវៀតណាមប៉ុណ្ណោះ ខណៈដែលកម្ពុជាក៏កំពុងស្រេចឃ្លានក្នុងការឲ្យក្រុមហ៊ុនទាំងនោះមកវិនិយោគនៅកម្ពុជាដែរ ត្បិតថាកម្ពុជានៅជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រជាជណនៅមានចំណូលទាបនៅឡើយ។

អត្ថបទដោយ៖ Nevin

Related Articles