We TV Cambodia

ក្រុមហ៊ុនផលិតទឹកដោះគោ របស់អង់គ្លេសគ្រោង មកវិនិយោគនៅកម្ពុជា​

ក្រុមហ៊ុនផលិតទឹកដោះគោ របស់អង់គ្លេសគ្រោង មកវិនិយោគនៅកម្ពុជា​

ភ្នំពេញ៖ ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជាមួយនឹង លោក Rod Bassett នាយកក្រុមហ៊ុន Unitedgreen ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ នៅទីស្ដីការក្រសួង អំពីគម្រោងវិនិយោគ លើលើវិស័យកសិកម្ម ជាពិសេសគឺការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ។

លោក Rod Bassestt បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីដោយសង្ខេបអំពីជីវប្រវត្តិរបស់ក្រុមហ៊ុន មុខរបរ ទុនវិនិយោគ រចនាសម្ព័ន្ធក្រុមហ៊ុន ល។ ជាពិសេសគោលបំណង ២​ចំនុចដែលត្រូវបានលើកយក​មកពិភាក្សា៖

ទី១- ធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីគោលនយោបាលវិនិយោគរបស់រាជរដ្ឋា ភិបាល ក៏ដូចជារបស់ក្រសួង

ទី២- ពិនិត្យលើសក្តានុពលនៃធនធានដី ទឹក និងទីផ្សារ ដើម្បីវិនិយោគលើខ្សែច្រវាក់ផលិតកម្មគោទឹកដោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយតាំងពីការបង្កាត់ពូជ ការដាំស្មៅជាចំណី ការចិញ្ចឹម និងរោងចក្រកែច្នៃ វេចខ្ចប់ទឹកដោះស្រស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

លោក  Rod Bassestt បានបន្ថែមទៀតថា កម្ពុជាជាប្រទេសមានសក្តានុពលលើវិស័យកសិកម្ម បូករួមទាំងឱកាសអំណោយផលពេញលេញ ប៉ុន្តែនៅត្រង់ថាកម្ពុជាមិនទាន់បានចាប់ ផ្តើមអនុវត្តបច្ចេកវិទ្យាឱ្យបានគ្រប់ចំណុចនៃខ្សែច្រវាក់ផលិតកម្ម ធ្វើឱ្យគំលាតរវាងផលិតផលដែលផលិតដោយកសិករ និងទីផ្សារស្ថិតនៅឆ្ងាយពីគ្នា។ ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍ធ្វើការរៀបចំគម្រោងវិនិយោគតាំងពីមូលដ្ឋាននៃផលិតកម្ម រហូតដល់ទីផ្សារ ដោយនាំយកទំនើបកម្មកសិកម្ម និងទំនើបកម្មកសិឧស្សាហកម្ម ជាពិសេសហិរញ្ញវត្ថុមកអនុវត្ត។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវឆន្ទ:គាំទ្រ និងស្វាគមន៍ចំពោះកម្មវត្ថុរបស់ក្រុមហ៊ុន ព្រោះថាបច្ចុប្បន្នកម្ពុជាបាននិងកំពុងបោះជំហានជាវិជ្ជមានទៅមុខយ៉ាងលឿនគួរឱ្យកត់សម្គាល់ទាំងនយោបាយ សេដ្ឋកិច្ច សង្គម ដែលបង្កលក្ខណ:អំណោយផលយ៉ាងល្អប្រសើរសម្រាប់វិនិយោគិនក្នុង និងក្រៅស្រុក។

ឯកឧត្តមបានបន្ដទៀតថា ក្រុមហ៊ុនគួរចាប់ផ្តើមពីកសិដ្ឋានតូច ធ្វើជាលក្ខណ:បង្ហាញ រួចឈានទៅពង្រីកអាជីវកម្មបន្តិចម្តងៗ ស្របតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងត្រូវការនៃការប្រើប្រាស់ទឹកដោះគោ។ មួយវិញទៀត លោកបានណែនាំឱ្យក្រុមហ៊ុនគួរសិក្សាឱ្យបានច្បាស់ លាស់ពីរចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាទឹក ភ្លើង និងការដឹកជញ្ជូន។ល។ ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនាពេលខាងមុខដំណើរការទៅដោយរលូន។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក។

ដោយ៖ Stince

Related Articles