
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនប្រេងនិងឧស្ម័ន Mubadala Petroleum មកពីប្រទេសអារ៉ាប់រួម កំពុងស្វែងយល់ពីឱកាសវិនិយោគនៅក្នុងវិស័យអាជីវកម្មប្រេងឥន្ទនៈនៅកម្ពុជា។
យោងតាមលោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ប្រទេសអារ៉ាប់រួមបានចាប់អារម្មណ៍ក្នុងការធ្វើអាជីវកម្ម រុករកប្រេងកាត និង ការបង្កើតរោងចក្រចំរាញ់ប្រេងនៅកម្ពុជា។
លោកបានបន្ថែមទៀតថា កម្ពុជាចង់អោយក្រុមហ៊ុនអារ៉ាប់រួមមួយនេះ ធ្វើអាជីវកម្មប្រេងឥន្ទនៈនៅកម្ពុជា ដោយហេតុថា ពួកគេមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្មប្រភេទនេះ។ ហើយនៅកម្ពុជា មានរ៉ែប្រេងកាតចំនួន ៤ ប្លក់ទៀតនៅក្នុងសមុទ្រ និង ១៤ ប្លក់ទៀតនៅលើដីគោក ដែលត្រូវធ្វើអាជីវកម្មទាញយកប្រេងកាត។
ជាលទ្ធផល លោក ជៀប សួរ បានថ្លែងអោយដឹងទៀតថា ស្ថាប័នរបស់លោកនឹងបង្កើតក្រុមការងារមួយ ដើម្បីចូលរួមសហការជជែកពិភាក្សាជាមួយនឹងអ្នកជំនាញមកពីក្រុមហ៊ុនខាងលើនេះ ក្នុងគោលបំណងធ្វើយ៉ាងណាអោយពួកគេអាចឈានទៅដល់ការដាក់ទុនវិនិយោគក្នុងវិស័យប្រេងកាតនៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន Mubadala Petroleum ជាក្រុមហ៊ុនប្រេងនិងឧស្ម័នគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ បាននិងកំពុងធ្វើអាជីវកម្មប្រេងនិងឧស្ម័ន នៅក្នុងប្រទេសចំនួន ១០ នៅមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអាស៊ីអាគេ្នយ៍៕
ទាក់ទងនឹងបញ្ហាប្រេងនិងឧស្ម័ននេះ ក្រុមហ៊ុន KrisEnergy មកពីប្រទេសសិង្ហបុរី បានធ្វើពិធីសម្ពោធបើកការសាងសង់ជើងទំរបូមប្រេងខ្នាតតូចមួយនៅក្នុងសមុទ្រកម្ពុជា កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ នៅលើកោះ Batam ក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពលរបស់កម្ពុជា។
យោងតាមក្រុមហ៊ុន KrisEnergy ជើងទំរបូមប្រេងកាតខ្នាតតូចនេះ នឹងអាចបូមយកប្រេងកាតឆៅចំនួន ៧,៥០០ ធុងក្នុងមួយថ្ងៃ ក្នុងតំបន់អប្សរានៃ Block A ស្ថិតនៅក្នុងសមុទ្រកម្ពុជា នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ៕

