We TV Cambodia

ក្រុមហ៊ុនធំៗរបស់ជប៉ុន បង្ហាញបំណងចង់រើទីតាំងពីចិនមកកម្ពុជា

ក្រុមហ៊ុនធំៗរបស់ជប៉ុន បង្ហាញបំណងចង់រើទីតាំងពីចិនមកកម្ពុជា

ក្រុមហ៊ុនធំៗរបស់ជប៉ុនបានបង្ហាញបំពងចង់ផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិន មកកម្ពុជាវិញ។ នេះបើយោងតាមការឲ្យដឹងពី លោក Masahiro Miyao ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា ក្នុងជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម។

លោក Masashiro Miyao បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្ដី ថា ក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន ដែលកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអទិភាពសម្រាប់វិនិយោគិនជប៉ុន។

ជាមួយនេះដែរ តំណាង JETRO ក៏បានបន្ថែមថា ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងតែមានការចាប់អារម្មណ៍ខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផលសរីរាង្គសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គមានតម្រូវការខ្ពស់។

ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បានជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជាទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត។

លើសពីនេះទៅទៀត ឯកឧត្តមស្នើសុំឱ្យក្រុមហ៊ុន AEON របស់ជប៉ុន ពិនិត្យលទ្ធភាពដាក់លក់ផលិតផលរបស់គម្រោង AIMS ដែលជាគម្រោងរបស់ក្រសួងពាណិជ្ជកម្ម ដោយអ្នកផលិតជាក្រុមកសិករខ្នាតតូច និងក្រីក្រនៃផលិតផលដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូវមី និងសូត្រឆៅ នៅទីផ្សាររបស់ខ្លួនផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles