We TV Cambodia

ក្រុមហ៊ុនទេសចរណ៍ហាក់ធ្លាក់ចុះខ្លាំង ក្រោយទទួលបានឱកាសភ្លើងចំបើងកាលពីថ្ងៃឈប់សម្រាក

ក្រុមហ៊ុនទេសចរណ៍ហាក់ធ្លាក់ចុះខ្លាំង ក្រោយទទួលបានឱកាសភ្លើងចំបើងកាលពីថ្ងៃឈប់សម្រាក
រូបតំណាង (ប្រភព៖ Google)

បន្ទាប់ពីទទួលបានឱកាសភ្លើងចំបើងរយៈពេលខ្លីក្នុងថ្ងៃឈប់សម្រាក ពេលនេះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ជាច្រើនហាក់កំពុងស្ងប់ស្ងាត់ និងធ្លាក់ចុះម្ដងទៀត ខណៈដែលដំណើរកំសាន្តក្នុងស្រុកជាច្រើនលែងមានសន្ទុះដូចមុន។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលប្រចាំខេត្តនីមួយៗ បានបង្ហាញថា ចំនួនភ្ញៀវទេសចរណ៍ទៅកំសាន្តក្នុងខេត្តរបស់ខ្លួនមានការធ្លាក់ចុះជាងមុន បើធៀបទៅនឹងចំនួនភ្ញៀវក្នុងកំឡុងថ្ងៃឈប់សម្រាក និងកាលពីមុនថ្ងៃឈប់សម្រាក។

ភ្ញៀវទេសចរណ៍ចេញទៅកំសាន្តតំបន់សមុទ្រ (ប្រភព៖ ក្រសួងទេសចរណ៍)

ទោះជាយ៉ាងណា វាមិនបានបង្ហាញពីភាពអវិជ្ជមាននៃទេសចរណ៍កម្ពុជាទេ ព្រោះវាជារឿងធម្មតាទៅហើយ ដែលបន្ទាប់ពីការធ្វើដំណើរកំសាន្តរយៈពេលវែង ប្រជាពលរដ្ឋត្រូវការចូលបំពេញការងារ និងរកស៊ីរៀងៗខ្លួន។ មួយវិញទៀត ខែនេះជារដូវវស្សាផង ទើបប្រជាពលរដ្ឋភាគច្រើនជៀសវាងការចេញដើរកំសាន្ត ហើយវាក៏គៀកនឹងពីធីភ្ជុំបិណ្ឌនាពេលខាងមុខផងដែរ ដោយសល់ប្រមាណតែ ២សប្ដាហ៍ទៀតប៉ុណ្ណោះ។

ភ្ញៀវទេសចរណ៍ក្នុងស្រុកទៅកំសាន្តតំបន់ផ្សេងៗ (ប្រភព៖ ក្រសួងទេសចរណ៍)

សូមបញ្ជាក់ថា កាលពីថ្ងៃឈប់សម្រាកកន្លងទៅ អ្នកចេញដើរកំសាន្តមានប្រមាណ ១ ,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១,៤៤៥,២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤,១៤៨នាក់ ហើយទោះបីពេលនេះការដើរកំសាន្តហាក់ស្ងប់ស្ងាត់ក្ដី ប៉ុន្តែគេរំពឹងថា នឹងកើនឡើងវិញនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

អត្ថបទដោយ៖ Nevin

Related Articles