We TV Cambodia

ក្រុមហ៊ុនដ៏ធំរបស់កូរ៉េ គ្រោងបើករោងចក្រផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ និងសម្ភារៈពេទ្យនៅកម្ពុជា

ក្រុមហ៊ុនដ៏ធំរបស់កូរ៉េ គ្រោងបើករោងចក្រផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ និងសម្ភារៈពេទ្យនៅកម្ពុជា
ម៉ាស៊ីនបន្សុទ្ធខ្យល់របស់កូរ៉េ (ប្រភព៖ info.gov)

ក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង គ្រោងនឹងបើងរោងចក្រផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខាពេទ្យនៅកម្ពុជា ដើម្បីបម្រើសេចក្ដីត្រូវការ និងការប្រកួតផលិតផលក្នុងវិស័យនេះ។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។

ម៉ាស៊ីនបន្សុទ្ធខ្យល់របស់កូរ៉េ (ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ)

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ បានជួបធ្វើបទបង្ហាញពីសក្តានុពលសេដ្ឋកិច្ច លក្ខណៈអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ជូនដល់ក្រុមហ៊ុន People and Person ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខាពេទ្យដ៏ធំរបស់កូរ៉េមួយនេះ។

លោក ឡុង ឌីម៉ង់ និងតំណាងក្រុមហ៊ុនកូរ៉េ (ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ)

ជាមួយគ្នានេះដែរ ក្រុមហ៊ុន People and Person បានត្រៀមខ្លួនជាស្រេចក្នុងការលើករោងចក្ររបស់ខ្លួនមកតាំងទីនៅកម្ពុជាវិញ និងត្រៀមស្រាវជ្រាវផលិតបរិក្ខាពេទ្យថ្មីៗបន្ថែមទៀតដើម្បីចូលរួមប្រកួតប្រជែងជាមួយនឹងផលិតផលផ្សេងៗក្នុងបណ្ដាប្រទេសអឺរ៉ុប។

លោក ឡុង ឌីម៉ង់ ពិនិត្យម៉ាស៊ីនរបស់កូរ៉េ (ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ)

មន្ត្រីស្ថានទូតកម្ពុជាបានបញ្ជាក់ទៀតថា ការអូសទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជានេះ គឺមិនមែនគ្រាន់តែជាឱកាសក្នុងការផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើដល់ប្រជាជនក្នុងប្រទេសយើងផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles