
ដោយៈ ទិន សុខាវុធ
ថ្មីៗនេះ សារព័ត៌មានជប៉ុន NNA Business News បានចុះផ្សាយនូវព័ត៌មានមួយបញ្ជាក់ថា ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុនដ៏ធំមួយមានឈ្មោះថា SBI Holding Inc. បានប្រកាសថា ពួកគេនឹងទិញភាគហ៊ុនចំនួន ៧០% ពីស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា លី ហូរ ក្នុងគោលបំណងហក់ចូលក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជាជាថ្មី បន្ទាប់ពីក្រុមហ៊ុនសារជីវកម្មមួយនេះ បានដកខ្លួនចេញពីទីផ្សារហិរញ្ញវត្ថុកម្ពុជា កាលពីឆ្នាំ ២០១៦ កន្លងទៅនេះ។
សារព័ត៌មាន NNA Business News បានបន្ថែមទៀតថា ស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា លី ហួរ រំពឹងថានឹងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងពេលឆាប់ៗនេះ ដើម្បីពង្រីកសេវាកម្មមានស្រាប់ នៅកម្ពុជា នៅពេលបច្ចុប្បន្ននេះ។
ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនជប៉ុន SBI នឹងទិញយកភាគហ៊ុនចំនួន ១៤.៩៤ លានភាគហ៊ុន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅត្រឹមថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីអាចមានសិទ្ធិប្តូរឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ អោយទៅជា SBI Lyhour Bank PLC វិញ។
ដំណាក់កាលបន្ទាប់មកទៀត ក្រុមហ៊ុនជប៉ុន SBI នឹងទិញយកភាគហ៊ុនពី លី ហូរ ចំនួន ៣៧.៥៦ លានភាគហ៊ុនទៀត នៅត្រឹមថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ ។
ជាលទ្ធផល ក្រុមហ៊ុន SBI នឹងមានសិទ្ធិកាន់កាប់ភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ចំនួន ៧០% គិតជាទឹកប្រាក់សរុបចំនួន $81.7 លានដុល្លារ។ ហើយធនាគារជាតិនៃកម្ពុជាបានយល់ព្រមទទួលស្គាល់ការទិញ-លក់ភាគហ៊ុននេះរួចហើយ កាលពីថ្ងៃទី ៩ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ទទួលបានចំណាត់ថ្នាក់លេខ ៨ នៅក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា បើគិតពីទ្រព្យសកម្ម។
មួយវិញទៀត យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារពាណិជ្ជមានចំនួន ៤៤ ធនាគារឯកជនមានចំនួន ១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឯកជនមានចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៤ គ្រឹះស្ថានឥណទានជនបទចំនួន ២៥១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១៥ គ្រឹះស្ថានផ្តល់សេវាទូទាត់ចំនួន ១៦ ការិយាល័យតំណាងធនាគារបរទេសចំនួន ៥ និងអាជីវកម្មប្តូរប្រាក់ចំនួន ២,៧៩៩ ៕
