
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនថាមពលជប៉ុនដ៏ធំមួយមានឈ្មោះថា eRex Co Ltd បានប្រកាសពីសប្តាហ៍មុនថា ក្រុមហ៊ុននឹងបោះទុន ប្រមាណ $23.5 លានដុល្លារ ចូលរួមវិនិយោគក្នុងការសាងសង់ទំនប់វារីអគ្គិសនីមួយ នៅក្នុងខេត្តពោធិសាត់ ដែលនឹងត្រូវសង់រួចក្នុងឆ្នាំ ២០២៣ និងមានសមត្ថភាពអាចផលិតថាមពលបានចំនួន ៨០ មេហ្កាវ៉ាត់។
យោងតាមសារព័ត៌មានជប៉ុន NNA Business News ការបោះទុនចំនួន $23.5 លានដុល្លាររបស់ក្រុមហ៊ុន eRex Co Ltd គឺដើម្បីអាចចូលរួមចែករំលែកទុនវិនិយោគប្រមាណ ៣៤% នៅក្នុងគំរោងសំណង់ទំនប់វារីអគ្គិសនីនោះ ដែលទុនវិនិយោគប្រមាណ ៣៣% មកពីក្រុមហ៊ុន Asia Energy Power Co. នៅកម្ពុជា និងទុនវិនិយោគប្រមាណជា ៣៣% ទៀតមកពីក្រុមហ៊ុន ISDN Energy Pte. Ltd. នៃប្រទេសសិង្ហបុរី។
ទាក់ទងនឹងគំរោងវិនិយោគនេះ លោក Victor Jona អ្នកនាំពាក្យនៃក្រសួងរ៉ែនិងថាមពល បានប្រាប់គេហទំព័រ We TV Cambodia ថា គំរោងនេះកំពុងត្រូវបានវិនិយោគដោយក្រុមហ៊ុន SPHP ដែលបានទទួលអាជ្ញាប័ណ្ណអនុញ្ញាតអោយសាងសង់ទំបន់វារីអគ្គិសនីនេះ។
លោកបានបន្ថែមទៀតថា ចំណែកឯក្រុមហ៊ុនជប៉ុន eRex Co Ltd នេះវិញ នឹងចូលរួមចំណែកធានាគុណភាពទំនប់វារីអគ្គិសនីនោះ អោយសមស្របទៅតាមស្តង់ដារបច្ចេកវិទ្យាចុងក្រោយបំផុត។
«ខ្ញុំសូមបញ្ជាក់ថា $23.5 លានដុល្លាររបស់ក្រុមហ៊ុនជប៉ុន មិនមែនជាការទិញភាគហ៊ុននោះទេ វាគ្រាន់តែជាការចូលរួមចំណែកបោះទុនវិនិយោគសង់ទំនប់វារីអគ្គិសនីនោះ តែប៉ុណ្ណោះ» នេះជាការលើកឡើងរបស់លោក Victor Jona អ្នកនាំពាក្យនៃក្រសួងរ៉ែនិងថាមពល បានប្រាប់គេហទំព័រ We TV Cambodia ។
គំរោងសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុន SPHP ត្រូវបានទទួលការអនុម័តយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែ មេសា ឆ្នាំ ២០១៩ កន្លងទៅនេះ។ ហើយគំរោងនេះមានប្រភេទជា «សាងសង់-ប្រតិបត្តិការ-ផ្ទេរសិទ្ធិ» (BOT) ដែលមានទុនវិនិយោគសរុបជាង $231 លានដុល្លារ។ ក្រុមហ៊ុន SPHP ទទួលបានសទ្ធិកាន់កាប់ទំនប់វារីនេះ ក្នុងរយៈពេល ៣៩ ឆ្នាំ។
យោងតាមរបាយការណ៍របស់ក្រសួងរ៉ែនិងថាមពល ការផ្តត់ផ្គង់ថាមពលអគ្គិសនីបានកើនដល់ ២,៨៧០ មេហ្កាវ៉ាត់ គឺស្មើនឹង ១៦% ក្នុងឆ្នាំ ២០១៩ នេះ។ មួយវិញទៀត នៅពេលបច្ចុប្បន្ននេះ កម្ពុជាអាចផលិតថាមពលក្នុងស្រុកបានចំនួន ២,៤២៨ មេហ្កាវ៉ាត់ ថាមពលសល់សល់ពីនេះ ត្រូវបាននាំចូលពីប្រទេស ថៃ វៀតណាម និង ឡាវ ៕
