
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុន MinebeaMitsumi មកពីប្រទេសជប៉ុន មានបំណងចង់វិនិយោគផលិតអំពូលភ្លើងវៃឆ្លាត (Smart LED) សំរាប់បំភ្លឺតាមផ្លូវសាធារណនៅក្នុងមួយចំនួននៅកម្ពុជា។
យោងតាមទំព័រ Facebook របស់ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ លោក YOSHIHISA KAINUMA នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Minebea Mitsumi បានចូលជួបសន្ទនាការងារជាមួយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីអំពីបំណងរបស់ក្រុមហ៊ុន ក្នុងការវិនិយោគផលិតអំពូលភ្លើងវៃឆ្លាត ដើម្បីបំពាក់អោយបង្គោលភ្លើងបំភ្លឺតាមផ្លូវសាធារណនៅតាមតំបន់មួយចំនួននៅកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋលេខាធិការ បានស្វាគមន៍ចំពោះបំណងល្អរបស់ក្រុមហ៊ុនជប៉ុន ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា។ ហើយលោកក៏បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងផងដែរ ដល់គំរោងផលិតអំពូលវៃឆ្លាតនេះ និងបានសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាង ក្នុងគោលបំណងជួយអោយក្រុមហ៊ុនជប៉ុន សំរេចអោយបានចេញជារូបរាងនូវគំរោងអភិវឌ្ឍន៍មួយនេះ។
យ៉ាងណាម៉ិញ បើសិនជាគំរោងផលិតអំពូលភ្លើងវៃឆ្លាតនេះ សំរេចបានជោគជ័យ ក្រុមហ៊ុន MinebeaMitsumi នឹងបំពាក់អំពូលប្រភេទ LED នេះនៅតាមដងវិថីនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ ដែលជាបណ្តាខេត្តត្រូវបានជ្រើសដោយរាជរដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍអោយទៅជាទីក្រុងវៃឆ្លាតនៅក្នុងតំបន់អាស៊ាន។
បើអ្វីៗនឹងប្រព្រឹត្តដោយរលូន ក្រុមហ៊ុន MinebeaMitsumi នឹងដំឡើងអំពូល LED សំរាប់បង្គោលភ្លើងចំនួន ៧,៣៥៩ នៅទូទាំងប្រទេសកម្ពុជា។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានដំលើងរួចជាស្រេចទៅហើយនូវអំពូលនៅតាមបង្គោលភ្លើងចំនួន ១,១៨៧ នៅក្នុងរាជធានីភ្នំពេញ។ ហើយនៅពេលអនាគត ក្រុមហ៊ុននឹងតំឡើងអំពួលភ្លើងប្រភេទនេះ សំរាប់បង្គោលភ្លើងចំនួន ៥០០ ទៀត នៅក្នុងខេត្តសៀមរាប និងមួយចំនួនទៀត ក្នុងខេត្តព្រះសីហនុ៕
