
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនមកពីប្រទេសចិន Sunwah Group មានគំរោងសង់សួនឧស្សាហកម្មនិងលំនៅស្ថានមួយ នៅលើផ្ទៃដីទំហំ ៦០ ហិកតា នៅក្នុងតំបន់មួយ តាមបណ្តោយផ្លូវជាតិលេខ ៤ ចំងាយប្រហែល ២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Sunwah Group ការសំរេចចិត្តរបស់ក្រុមហ៊ុនទិញដីនៅក្នុងតំបន់នោះសាងសង់សួនឧស្សាហកម្មនិងលំនៅដ្ឋានមួយនេះ ដោយហេតុថា តំបន់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ កំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយបណ្តាសំណង់ផ្សេងៗក៏កំពុងរីកដុះដាលដូចផ្សិតផងដែរ។
Sunwah Group បានអោយដឹងទៀតថា គំរោងសាងសង់របស់ពួកគេនឹងមានឈ្មោះថា Sunwah New Town ដែលនៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងចរចាជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាប់ផ្តើមអភិវឌ្ឍគំរោងដ៏ធំមួយនេះ។
ក្រុមហ៊ុន Sunwah Group ជាក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសចិន ដែលបាននិងកំពុងធ្វើការវិនិយោគនៅកម្ពុជា អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។
នៅពេលចាប់ផ្តើម ក្រុមហ៊ុនបានវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញ។ បន្ទាប់មកទៀត ក្រុមហ៊ុនបានពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងការផលិតនិងកែច្នៃគ្រឿងសមុទ្រសំរាប់នាំចេញ។ ហើយរហូតមកដល់ពេលនេះ Sunwah Group បានក្លាយជាក្រុមហ៊ុនយក្សដ៏ល្បីមួយ ក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជា។
ទាក់ទងនឹងរឿងនេះ ផ្ទៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រូវបានអ្នកជំនាញចាត់ទុកថាមានសក្តានុពលយ៉ាងខ្លាំងក្លា នៅក្នុងវិស័យអចលនទ្រព្យ ព្រោះវាជាសសៃឈាមសេដ្ឋកិច្ច ក្នុងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចទាំងឡាយ រវាងរាជធានីភ្នំពេញនិងកំពង់ផែអន្តរជាតិក្នុងក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកំពង់ស្ពឺ ក្នុងចំងាយ ២៣២ គីឡូម៉ែត្រ។
ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ សំណង់ជាច្រើនត្រូវបានសង់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ។ ហើយជាទូទៅសំណង់ទាំងនោះមានដូចជា លំនៅដ្ឋានធម្មតា បុរី ស្ថានីយប្រេងឥន្ធនៈ ផ្សារ មន្ទីរពេទ្យអន្តរជាតិ និង សាលារៀន ជាដើម។
ដោយឡែក នៅតាមដងផ្លូវពីរាជធានីភ្នំពេញទៅក្រុងច្បារមនក្នុងខេត្តកំពង់ស្ពឺ មានគំរោងសំណង់ជាច្រើន កំពុងតែរីកដុះដាលដូចផ្សិត មានដូចជាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) រោងចក្រចំនួន ៣៧៧ បង្កើតការងារជូនប្រជាពលរដ្ឋចំនួន ១១៤,១៧៣ កន្លែង បុរីពិភពថ្មី បុរីញ៉ូថោន និង សំណង់ផ្ទះជាច្រើននៅក្នុងតំបន់ផ្សារបែកចាន តំបន់ថ្នល់ទទឹង តំបន់អង្គស្នួល តំបន់ច្បារមន នៃខេត្តកំពង់ស្ពឺ។
មួយវិញទៀត មជ្ឍមណ្ឌលឧស្សាហកម្មជាច្រើនក៏ត្រូវបានសង់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ នេះដែរ ដូចជាតំបន់ឧស្សាហកម្មនៅត្រង់តំបន់ អង្គស្នួល បែកចាន និង ថ្នល់ទទឹងជាដើម។ ការសំរេចចិត្តសង់រោងចក្រនានានៅតាមបណ្តោយផ្លូវនេះ ពីព្រោះអ្នកវិនិយោគទាំងនោះមើលឃើញពីភាពងាយស្រួលក្នុងការដឹកទំនិញពីរោងចក្ររបស់ពួកគេ ទៅកាន់កំពង់ផែកំពង់សោម ឬព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវជាតិលេខ៤ នេះ៕
