
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុន ហាម៉ីនីវីន អិនវេសមេន មកពីប្រទេសចិនបានបោះទុនប្រមាណជា
$10 លានដុល្លារ
ដើម្បីគ្រោងសាងសង់រោងចក្រផលិតជីនិងថ្នាំកសិកម្មមួយ នៅក្នុងឆ្នាំ
២០២០ នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន ១៥ ហិកតា
នៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែ ខេត្តត្បូងឃ្មុំ។
យោងតាមទំព័រ Facebook របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់
និង នេសាទ រោងចក្រនោះនឹងត្រូវសាងសង់ឡើងជាពីរដំណាក់កាល។ នៅក្នុងដំណាក់កាលទីមួយ
រោងចក្រនោះនឹងត្រូវបំពាក់ដោយគ្រឿងម៉ាស៊ីន ដែលមានសមត្ថភាពអាចផលិតជីនិងថ្នាំកសិកម្មបានចំនួន
៥ ម៉ឺនតោនក្នុងមួយឆ្នាំ។
បន្ទាប់មក នៅក្នុងដំណាក់កាលទីពីរ
រោងចក្រនឹងត្រូវបំពាក់ដោយគ្រឿងយន្តបន្ថែមទៀត ដើម្បីអាចផលិតបានជីនិងថ្នាំកសិកម្មពីរដងច្រើនជាងមុន
ពោលគឺ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ។
មួយវិញទៀត ដើម្បីធានាអោយបាននូវបរិមាណក៏ដូចជាគុណភាពដ៏សមស្របតាមស្តង់ដារបច្ចេកទេស
ក្រុមហ៊ុននឹងធ្វើការសាកល្បងពិសោធការប្រើប្រាស់ជីនិងថ្នាំកសិកម្មរបស់ក្រុមហ៊ុន
ទៅលើដីមួយចំនួនជាមុខសិន មុននឹងសំរេចផលិតជីនិងថ្មាំកសិកម្មសំរាប់លក់អោយកសិករកម្ពុជា
និងសំរាប់ការនាំចេញ។
ក្រុមហ៊ុន ហាម៉ីនីវីន អិនវេសមេន បានបោះទុនវិនិយោគក្នុងគោលបំណងបង្កើតរោងចក្រប្រភេទនេះ
តាំងពីឆ្នាំ ២០១៦ មកម្លេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានទទួលផ្ទៃដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលមានចំនួនរហូតដល់ទៅ
១,៣ ពាន់ហិកតាឯណោះ។ ហើយផ្ទៃដីសល់ពីការសាងសង់រោងចក្រ ក្រុមហ៊ុននឹងប្រើប្រាស់សំរាប់ដាំដំណាំកសិកម្មមួយចំនួនដូចជា
ចេក ពោត និង ថ្នាំជក់ជាដើម៕
